គ្រឹះស្ថានអង្គរបានលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរចំនួន៧៧៤ ២០៣ នាក់ និងទទួលបានទឹកប្រាក់ចំនួន ៣៥ ៩៨៧ ៩៦១ លានដុល្លារអាមេរិក ក្នុងរយៈពេល១០ខែ គិតចាប់ពីខែមករាដល់ដំណាច់ខែតុលា ឆ្នាំ២០២៤ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០២៤។
ក្នុងរយៈពេល១០ខែ ដើមឆ្នាំនេះ ចំនួនភ្ញៀវទេសចរបរទេសទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរកើនឡើង ២៨,៤៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣កន្លងទៅ ខណៈចំនួនទឹកប្រាក់ដែលទទួលបានពីការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេសវិញមានកំណើនប្រមាណ២៩,០៧ភាគរយ ។
សម្រាប់ខែតុលា ឆ្នាំ២០២៤ មានទេសចរបរទេសទិញបណ្ណចូលអង្គរចំនួន៧៤ ៣៥៣នាក់ កើន១៨,០០ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ និងរកចំណូលបានចំនួន ៣ ៤៦៥ ២៣១ ដុល្លារកើន១៨,៣៩ភាគរយ ធៀបនឹងខែកញ្ញា ឆ្នាំ២០២៣។
ក្រៅពីចំណូលដែលទទួលបានពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេសទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏ទទួលបានចំណូលពីលក់បណ្ណជូនភ្ញៀវវទេសចរនៅប្រាសាទកោះកែរ រយៈពេល១០ខែ មានទឹកប្រាក់ជាង២២ម៉ឺនដុល្លារអាមេរិកពីទេសចរបរទេស១៥ ២៤៥នាក់ និងសម្រាប់ខែតុលា មានទេសចរបរទេស១៣៧៥នាក់ ទទួលបានចំណូល២០ ៦២៥ដុល្លារ។
ចំណែកការលក់សំបុត្រទូករយៈពេល១០ខែ ទទួលបានថវិកាចំនួនជាង៦០ម៉ឺនដុល្លារអាមេរិក សម្រាប់ខែតុលា ជាង៥ម៉ឺនដុលា្លរ៕