លោក សៅ ហុក CEO BNI សាខាព្រះសីហនុ និងជាអនុប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ ទទួលបានពានរង្វាន់សហគ្រិនទទួលខុសត្រូវសង្គមឆ្នើមនៃអាស៊ាន ឆ្នាំ២០២៤ “GREAT ASEAN CSR ENTREPRENEUR AWARD 2024″។
នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៩ ខែតុលា លោក សៅ ហុក បានលើកឡើងដូច្នេះថា៖ “ខ្ញុំមានកិត្តិយស និងក្តីរំភើបយ៉ាងខ្លាំង ដែលខ្លួនខ្ញុំផ្ទាល់និងក្រុមហ៊ុនរបស់ខ្ញុំត្រូវបានជ្រើសរើសជាប់ពានរង្វាន់សហគ្រិនទទួលខុសត្រូវសង្គមឆ្នើមនៃអាស៊ាន ឆ្នាំ២០២៤ “GREAT ASEAN CSR ENTREPRENEUR AWARD 2024″។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការវាយតម្លៃ ដែលបានផ្តល់លទ្ធផលដ៏ល្អមួយនេះដល់ខ្ញុំ ក៏សូមថ្លែងអំណរគុណដល់ ដៃគូសហការរបស់ខ្ញុំទាំងអស់ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន ដែលបានគាំទ្រនិងសហការជាមួយខ្ញុំក្នុងការអនុវត្តគម្រោងផ្សេងៗ”។
ជាចុងក្រោយ លោក សៅ ហុក សូមលើកទឹកចិត្តដល់ក្រុមហ៊ុនដទៃទៀតឱ្យបង្កើននូវការចូលរួមរបស់ខ្លួនក្នុងសកម្មភាព CSR។ លោកជឿជាក់ថា នៅពេលដែលធុរកិច្ចចូលរួមយ៉ាងសកម្មក្នុងការទទួលខុសត្រូវចំពោះសង្គម យើងអាចបង្កើតការផ្លាស់ប្តូរវិជ្ជមានយ៉ាងធំធេង នៅក្នុងសហគមន៍របស់យើង និងនៅទូទាំងតំបន់អាស៊ាន។ លោកសូមថ្លែងអំណរគុណចំពោះការទទួលស្គាល់នេះ។ ជាមួយគ្នានេះ លោកប្តេជ្ញានឹងបន្តខិតខំប្រឹងប្រែងដើម្បីបំពេញតួនាទីរបស់លោកក្នុងនាមជាសហគ្រិន ដែលមានការទទួលខុសត្រូវចំពោះសង្គម និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ាន។
គួរបញ្ជាក់ថា សហគ្រិនទទួលខុសត្រូវសង្គមឆ្នើមនៃអាស៊ាន ត្រូវបានបង្កើតឡើង និងប្រគល់ជូនដល់បុគ្គលដែលមានជំនាញអាជីវកម្មច្បាស់លាស់ រួមចំណែកជួយអភិវឌ្ឍដល់សហគមន៍ ឬប្រជាជនក្នុងតំបន់។ លើសពីនេះ បេក្ខភាពដែលឈ្នះពានរង្វាន់នេះ ក៏ត្រូវមានសកម្មភាពគាំទ្រ ទទួលខុសត្រូវលើផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ចល្អ ព្រមទាំងបុគ្គលដែលដឹកនាំអាជីវកម្មទទួលបានជោគជ័យ មានគំនិតផ្តួចផ្តើមច្នៃប្រឌិតខ្ពស់ ជួយដល់សង្គមជាតិតាមរយៈប្រភេទមុខជំនួញផ្សេងៗរបស់ខ្លួន៕