ការពន្យាកំណើត គឺជាការកំណត់ចំនួនកូនក្នុងគ្រួសារ ឬការពន្យាពេលពីកំណើតកូនមួយ ទៅកំណើតកូនមួយទៀត។ ការពន្យាកំណើតមានវិធីច្រើនយ៉ាងដែលយើងអាចជ្រើសរើសមកប្រើប្រាស់សម្រាប់អ្នកដែលមានបំណងមិនទាន់ចង់បានបុត្រដូចជា៖
១) ការប្រើប្រាស់ថ្នាំគ្រាប់៖
– ជាវិធីដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការពន្យាកំណើត
– អាចជួយឲ្យរដូវមកទៀងទាត់សម្រាប់ថ្នាំOestro progestative
– ត្រូវលេបរាល់ថ្ងៃអោយទៀងទាត់ម៉ោងសម្រាប់ថ្នាំ Progestative ឬលេប២១ថ្ងៃ ហើយសម្រាក៧ថ្ងៃសម្រាប់ថ្នាំ Oestro-progestative។
២) ការដាក់កងស្បូន៖
– មានប្រសិទ្ធភាពរហូតដល់១០ឆ្នាំ
– មានភាពងាយស្រួលដោយមិនតម្រូវអោយលេបថ្នាំរាល់ថ្ងៃ
៣) ការដាក់កងក្នុងដៃ៖
– កងដាក់នៅដើមដៃ មានប្រសិទ្ធភាពខ្ពស់ដូចគ្នា
– មានប្រសិទ្ធភាព៣-៥ឆ្នាំ
៤) ការពន្យាកំណើតជាអចិន្ត្រៃយ៍៖
– ការចងដៃស្បូនសម្រាប់មនុស្សស្រី
– ការចងបំពង់ទឹកកាមរបស់បុរស Vasectomy
៥) ការពន្យាកំណើតដោយមធ្យោបាយផ្សេងៗដូច៖
– ការប្រើបន្ទះអរ័ម៉ូនបិទ ១សប្តាហ៍ម្តង រយៈពេល៣សប្តាហ៍ក្នុងមួយខែ
– ការប្រើកងនៅទ្វាមាសរយៈពេល៣សប្តាហ៍ក្នុង១ខែ
– ការប្រើថ្នាំនៅក្នុងទ្វាមាសស្ត្រីសម្រាប់សម្លាប់មេជីវិតបុរស Spermicide
– ការចាក់ថ្នាំអរ័ម៉ូនការពាររៀងរាល់៣ខែម្តង
– លេបថ្នាំអរ័ម៉ូនពន្យាកំណើតបន្ទាន់ ប្រើក្នុងរយៈពេល ៧២ម៉ោងក្រោយពីការរួមភេទដោយមិនមានការការពារ។
“ដើម្បីទទួលបានមធ្យោបាយសមស្របមួយសម្រាប់ការពន្យាកំណើត សូមស្ត្រីទាំងឡាយ រួមបញ្ចូលទាំងមាតាដែលទើបសម្រាលបុត្រគួរអញ្ជើញមកទទួលការពិនិត្យ និងប្រឹក្សាជាមួយគ្រូពេទ្យជំនាញ។ គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតស្វាគមន៍ជានិច្ច នឹងផ្តល់ការប្រឹក្សានូវជម្រើសដ៏សមស្របសម្រាប់ស្ត្រីទាំងឡាយក្នុងការទទួលយកសេវាពន្យាកំណើត
។”
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត