សិក្ខាសាលាជំរុញ និងទាក់ទាញវិនិយោគ នៅបាងកក បានផ្សព្វផ្សាយសក្កានុពលវិនិយោគកម្ពុជា លើការវិនិយោគ ការទាក់ទាញ ការថែទាំវិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

សិក្ខាសាលាជំរុញ និងទាក់ទាញវិនិយោគ នៅទីក្រុងបាងកក ប្រទេសថៃ រៀបចំឡើងដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំកម្ពុជា និងថៃ និងគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម AEM-METI (AMEICC) ដើម្បីសម្លឹងមើលឱកាសទាក់ទាញវិនិយោគិនតាមរយៈយន្តការប្រទេសបូក (Thailand +1) កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់កម្ពុជាលើកិច្ចការងារវិនិយោគ ពិសេសការចូលរួមរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងកិច្ចការងារទាក់ទាញ សម្របសម្រួល និងថែទាំវិនិយោគ សំដៅជំរុញកម្ពុជាចូលរួមឱ្យបានកាន់តែប្រសើរក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ពិភពលោក។ តាមរយៈច្បាប់ស្ដីពីវិនិយោគ កម្ពុជាបានបើកចំហរ និងផ្ដល់ការលើកទឹកចិត្តជាច្រើនជូនវិនិយោគិន លើវិស័យជាអាទិភាពនានា។

លើសពីនេះ សិក្ខាសាលាខាងលើ កម្ពុជាបានបង្ហាញនូវជម្រើសជាវិជ្ជមានដែលវិនិយោគិន ពិសេសវិនិយោគិនជប៉ុន គួរសម្រេចចិត្តពង្រីកផលិតកម្មរបស់ខ្លួនតាមរយៈយន្តការប្រទេសបូក ដោយទាញយកសក្ដានុពលដែលកម្ពុជាអាចផ្ដល់ជូនក្នុងខ្សែច្រវ៉ាក់ផលិតកម្មនោះ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជម្រាបជូនអំពីភាពអំណោយផលនៃស្ថិរភាពនយោបាយ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, មានរដ្ឋាភិបាលដែលគាំទ្រធុរកិច្ច, មានទីផ្សារសេរី និងមានភាពទូលំទូលាយតាមរយៈយន្តការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី បូករួមទាំងការចូលប្រើប្រាស់កូតាដោយឥតគិតថ្លៃទៅកាន់ទីផ្សារសំខាន់ៗជាច្រើនដែលកម្ពុជាទទួលបាន, កម្លាំងពលកម្មវ័យក្មេង ដែលប្រកបទៅដោយជំនាញ ភាពស្វាហាប់ និងអាចបណ្តុះបណ្តាលបាន, ពិសេសកម្ពុជាបាននិងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធពាសពេញផ្ទៃប្រទសដែលគាំទ្រដល់ធុរកិច្ចផងដែរ។

លោកបន្តថា តាមរយៈសក្ដានុពលទាំងនេះ កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការសម្របសម្រួលការវិនិយោគរបស់គ្រប់បណ្ដាវិនិយោគិនដែលជ្រើសរើសការបណ្ដាក់ទុននៅកម្ពុជា

សូមបញ្ជាក់ផងដែរថា កម្មវិធីនេះក៏មានការចូលរួមពីសមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជា (JBAC), សភាពាណិជ្ជកម្មជប៉ុន បាងកក (JCC), ថ្នាក់ដឹកនាំពីក្រសួងស្ថាប័នរបស់កម្ពុជា វិស័យឯកជន ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រពន្ធ័វីឌីអូពីចម្ងាយ (Zoom) ចំនួនប្រមាណ ២០០នាក់៕