សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល១០ខែ ពោលគិតចាប់តាំងពីពេលបើកដំណើរការនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មកដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានពលរដ្ឋ និងពលករខ្មែរមកបើកលិខិតឆ្លងដែនពីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េរហូតជិត៥ពាន់នាក់។
យោងតាមសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា៖«គិតចាប់តាំងពីពេលបើកដំណើរការនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មកដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលពាក្យស្នើសុំផ្តល់លិខិតឆ្លងដែនសរុបចំនួន ៦.២៥២ ច្បាប់ និងបានបើកលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរបានសរុបចំនួន ៤.៩៧១ នាក់»។
ចំពោះទិន្នន័យនេះ សម្តេចធិបតីបានលើកឡើងថា៖«ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ, មន្ត្រី និងបុគ្គលិក នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងនិស្សិត និងសហគមន៍ខ្មែរស្ម័គ្រចិត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួលការផ្តល់សេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងសាធារណរដ្ឋកូរ៉េ នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ រហូតឈានសម្រេចបាននូវការបិទបញ្ចប់ដំណើរការនៃការផ្តល់សេវាដោយជោគជ័យគួរជាទីមោទនៈ ហើយដែលពិតជាបានជួយសម្រួលដល់ការលំបាក និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងពលករយើងនៅក្នុងប្រទេសកូរ៉េបានយ៉ាងច្រើន»។
ជាមួយគ្នានេះផងដែរ សម្តេចក៏បានសម្តែងនូវក្តីរីករាយសាទរចំពោះទំនុកចិត្ត និងភាពកក់ក្តៅរបស់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែររស់នៅក្នុងប្រទេសកូរ៉េ ដែលបានមកទទួលសេវាផ្តល់លិខិតឆ្លងដែននេះ ខណៈសម្តេចក៏បានជូនពរឱ្យបងប្អូនពលរដ្ឋខ្មែរមានសុខភាពល្អ សុភមង្គល និងសិរីសួស្តីគ្រប់ប្រការ។
សូមរំលឹកថា កាលពីរដើមឆ្នាំ២០២៤ ក្រោយពេលឡើងកាន់ការងារជានាយករដ្ឋមន្ត្រីភ្លាម សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមន្ត្រីទៅផ្តល់សេវាលិខិតឆ្លងដែនដោយផ្ទាល់នៅស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ដើម្បីសម្រួលការលំបាក និងកាត់បន្ថយការចំណាយប្រាក់របស់ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ និងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង ដែលត្រូវការធ្វើលិខិតឆ្លងដែនថ្មី ឬត្រូវពន្យារលិខិតឆ្លងដែនដែលអស់សុពលភាពនោះ។
ការផ្តល់សេវានេះដើមឡើយគ្រោងបញ្ចប់នៅខែឧសភា តែដោយពិនិត្យឃើញមានការស្នើសុំសេវានៅមានច្រើននៅឡើយនោះ សម្តេចនាយករដ្ឋមន្ត្រីក៏បានពន្យារដល់ខែសីហា។ ដល់ខែសីហា ក៏ត្រូវពន្យារជាថ្មីម្តងទៀត ដល់ខែវិច្ឆិកានេះ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលនៅមានចំនួនច្រើន។
តាមរយៈវិធានការផ្តល់សេវាលិខិតឆ្លងដែនដោយផ្ទាល់នៅស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានបង្ហាញឱ្យឃើញនូវការគិតគូរ និងការយកចិត្តទុកដាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះផលប្រយោជន៍ តម្រូវការ និងការលំបាករបស់ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ ធ្វើការ សិក្សារៀនសូត្រក្នុងប្រទេសកូរ៉េខាងត្បូង៕ អត្ថបទ៖ ហ្សាលីន