បច្ចុប្បន្នសមាគមមីក្រូហិរញ្ញវត្ថុមានសមាជិកប្រមាណ១៣២គ្រឹះស្ថាន ដែលមានផលប័ត្រឥណទានសរុបម្រាណ ៥.១១ ប៊ីលានដុល្លាអាមេរិក និងកំពុងផ្តល់សេវាជូនអតិថិជនប្រមាណ ១,៥៥លានគណនី ក្នុងសាខាទូទាំងប្រទេសចំនួន ៩០០សាខា និងមានបុគ្គលិកសរុបប្រមាណ ២១,០០០នាក់។
នេះជាថ្លែងឱ្យដឹងរបស់លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ ស្តីពីនិរន្តរភាពនិងបរិយាបន្នមីក្រូហិរញ្ញវត្ថុនៅមជ្ឈមណ្ឌលសន្និបាត និង សណ្ឋាគារ សុខា ខេត្តសៀមរាប នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកស្រី បានមានប្រសាសន៍ទៀតថា៖ គ្រឹះស្ថានទទួលប្រាក់បញ្ញើទាំង៤របស់សមាគម មានប្រាក់បញ្ញើសរុបប្រមាណ ២.២ប៊ីលានដុល្លាអាមេរិក (កំណើន ៤,៨%) និងមានអ្នកដាក់ប្រាកបញ្ញើរសរុបប្រមាណ ២លាននាក់ ក្នុងនោះ៦៧%ជាស្រ្តី។
លោកស្រី បានគូសបញ្ជាក់ថា៖«ភាពរីកចម្រើននេះបានបង្ហាញពីតួនាទីរបស់សមាជិកសមាគម ដែលជាវិស័យទាំងមូល ក្នុងការលើកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនកម្ពុជា ប៉ុន្តែភាពរីកចម្រើននេះក៍នាំមកផងដែរនូវបញ្ហាប្រឈម និងឧិកាសជាបន្តបន្ទាប់»។
លោកស្រីបានលើកឡើងថា៖ សម្រាប់បញ្ហាប្រឈម វិស័យមីក្រូហិរញ្ញវត្ថុហាក់កំពុងរងសំពាធនៃបរិយាកាសសេដ្ឋកិច្ចពិភពលោកមិនអំណោយផល ដែលបង្កផលប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជា និងប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពលរដ្ឋ ដែលជាអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
យោងតាមរបាយការណ៏របស់សមាគម ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ យើងឃើញថា ឥណទានប្រឈមហានិភ័យលើសពី៣០ថ្ងៃ (PAR 30+) ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ បានកើនឡើងពី ៥,៩% ដល់ ៨,៧%, ការរៀបចំឥណទានឡើងវិញកើនឡើងពី ២,០% ដល់ ៣,៨%, កម្ចីដែលលុបចោលកើនឡើងពី ០,៨% ដល់ ១,២% ធៀបនឹងត្រីមាសទី៤ឆ្នាំ២០២៣។ ក្រៅពីនេះ ផលប័ត្រឥណទានមានកំណើនត្រឹម១%ប៉ុណ្ណោះ ដោយមានកំណើនពី ៥១០៣លានដុល្លារ មកដល់ ៥១៥៣លានដុល្លារ។
បញ្ហាប្រឈមនេះនឹងបង្កើតជាភាពតានតឹងផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជនក្នុងសហគមន៍ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ ប្រសិនបើមិនមានដំណោះស្រាយ ឬការគ្រប់គ្រងប្រកបដោយភាពប្រុងប្រយ័ត្ន។ គួរំលឹកផងដែរថានាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា និងធនាគាជាតិនៃកម្ពុជាបានផ្តល់ការលើកទឹកចិត្តនិងសម្រួលផ្នែកបទបញ្ញាត្តិផ្សេងៗ ដើម្បីគ្រឹះស្ថានផ្តល់នូវការរៀបចំឥណទានទ្បើងវិញជូនអតិថជនដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុ។
ទន្ទឹមនឹងការសម្រួលខ្លះៗនូវបទបញ្ញាត្តិ តម្រូវការនៃការធ្វើប្រតិបត្តការ ប្រកបដោយ តម្លាភាព គណនេយ្យភាព កិច្ចការពារអតិថិជន និងទំនួលខុសត្រូវ ក៍កំពុងមានការកើនឡើងកាន់តែខ្លាំង។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគាជាតិកម្ពុជា គ្រឹះស្ថានជាសមាជិក និងភាគីដែលពាក់ព័ន្ធដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងនេះ សំដៅរក្សានូវនិរន្ដរភាពនៃកំណើនក្នុងវិស័យ ប្រកបដោយតម្លាភាព ទំនួលខុសត្រូវ និងបរិយាបន្ន។
សម្រាប់ផ្នែកឌីជីថល ប្រជាជនកម្ពុជា កំពុងចាប់យកបទពិសោធថ្មីនៃការប្រើប្រាស់ឌីជីថល តាមរយៈស្មាតហ្វូន ដែលមានអត្រានៃការប្រើប្រាស់រហូតដល់ ១១៧%។ ការងាកមកប្រើប្រាស់ឌីជីថលនេះបានបើកច្រកថ្មីសម្រាប់សេវាធនាគាចល័ត (Mobile banking) និង បច្ចេកវិទ្យាហិរញ្ញវត្ថុ(Fintec)ដែលធ្វើឲ្យមានភាពងាយស្រួល មានប្រសិទ្ធភាព និងកាន់តែខិតទៅជិតអតិថិជន។
ចំណុចដែលគួរឱ្យកត់សម្គាល់មួយនៅក្នុងការវិវត្តន៍ផ្នែឌីជីថលរបស់ប្រទេសកម្ពុជា គឺប្រព័ន្ធទូទាត់ប្រាក់បាគង ដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា(NBC)។ ប្រព័ន្ធទូទាត់ប្រាក់បាគង ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០២០ គឺជាប្រព័ន្ធមួយដែលមានមូលដ្ឋានគ្រឹះលើបច្ចេកវិទ្យា blockchain សម្រាប់ការទូទាត់ប្រាក់នានាតាមរយៈទូរស័ព្ទ និងការផ្ទេរប្រាក់ ដែលបច្ចុប្បន្នបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ៥,៩លាននាក់តាមរយៈកម្មវិធីដែលបានផ្សារភ្ជាប់។
ប្រព័ន្ធនេះបានផ្សារភ្ជាប់នូវគម្លាតរវាងសេវាហិរញ្ញវត្ថុបែបប្រពៃណី និងប្រជាជនដែលមិនអាចធ្វើប្រតិបត្តការធនាគារ តាមរយៈការអនុញ្ញាតឱ្យមានប្រតិបត្តិការយ៉ាងរលូនរវាងគ្នានិងគ្នា ក្នុងតម្លៃទាបទាំងគណនីប្រាក់ដុល្លារ និងប្រាក់រៀល។ កត្តានេះមិនត្រឹមតែជួយដល់ប្រជាជននៅតាមជនបទប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកក្នុងការពង្រឹងបរិយាបន្នហិរញ្ញេវត្ថុ និងរូបិយប័ណ្ណជាតិរបស់យើងផងដែរ។
សម្រាប់ផ្នែកហិរញ្ញប្បទានបៃតង វាជានិន្នាការសកលដ៍សំខាន់នាពេលអនាគតក្នុងការបន្ស៊ាំទៅនឹងការបំរែបំរួលអាកាសធាតុ ក្នុងដំណើរឆ្ពោះទៅរកការទទួលខុសត្រូវផ្នែកបរិស្ថាន និងការអភវិឌ្ឍន៍ប្រកបដោយចីរភាព។ សមាគមមីក្រូហិរញ្ញវត្ថុបាននឹងកំពុងធ្វើកិច្ចសហការជាមួយ អង្គការ Oxfam ដើម្បីជំរុញគំនិតផ្តួចផ្តើមហិរញ្ញវត្ថុបៃតង និងធ្វើការជាមួយ Water.org ដើម្បីផ្តល់ជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍន៍ផលិតផលទឹកស្អាត និងអនាម័យ (WASH)។ ថ្វីត្បិតតែកិច្ចការនេះទើបនឹងចាប់ផ្តើមប៉ុន្តែវាជាការត្រួសត្រាយផ្លូវ ក្នុងដំណើរឆ្ពោះទៅរកប្រតិបត្តការប្រកបដោយចីរភាពដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន សហគមន៍ និងបរិស្ថាន។ សមាគមមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថបៃតងហើយក្នុងន័យនេះសមាគមក៍សូមលើកទឹកចិត្តឲ្យសមាជិកចាប់ផ្តើមពិនិត្យមើលលទ្ធភាពក្នុងការអភវឌ្ឍន៍និងវិនិយោគលើផលិតផលនេះដើម្បីអាចដើរទន្ទឹមនឹងនិន្ននាការសកល៕