លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើទៅកាន់ក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ឱ្យផលិតមាតិកាពីវិស័យទេសចរណ៍កម្ពុជាឱ្យបានផុសផុលបន្ថែមទៀត ដើម្បីទាក់ទាញកំណើនទេសចរណ៍ជាតិ និងអន្តរជាតិ។
លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ ស្នើបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ចំនួន ១៣០នាក់ នៅទីស្តីការក្រសួងទេសចរណ៍ កាលថ្ងៃ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ពិធីសំណេះសំណាលជាមួយក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ធ្វើឡើងក្នុងគោលបំណងជំរុញកិច្ចសហការរវាងក្រសួងទេសចរណ៍ និងក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម ដែលផ្តោតលើចំណុចសំខាន់ៗចំនួន ២ គឺ៖ សំណេះសំណាលជាមួយអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ស្តាប់ពីគំនិតថ្មីៗ បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងផ្សព្វផ្សាយយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីទេសចរណ៍។
ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្អូនៗ និងក្មួយៗ ដែលជាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ដែលបានចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជានាពេលកន្លងមក និងស្នើឱ្យបន្តយ៉ាងផុលផុសចំពោះការផលិតមាតិកាបន្ថែមទៀត ព្រមទាំងចូលរួមយុទ្ធនាការរបស់ក្រសួងទេសចរណ៍ ដែលផ្តោតលើតំបន់ទេសចរណ៍ ម្ហូបអាហារ ផលិតផលអនុស្សាវរីយ៍ដែលធ្វើដោយស្នាដៃខ្មែរ បង្ហាញពីជីវភាពរស់នៅប្រកបដោយសុខដុមរមនា និងស្នាមញញឹមរបស់ប្រជាជនខ្មែរ។
គួរបញ្ជាក់ដែរថា ការស្នើឱ្យក្រុម Influencer បន្តផលិតមាតិកាទេសចរណ៍កម្ពុជាឱ្យបានផុសផុលបន្ថែមទៀតដូច្នេះ ត្រូវបានក្រសួងទេសចរណ៍ អះអាងថា គឺធ្វើឡើងក្រោមការចង្អុលបង្ហាញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
បើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ក្នុងរយៈពេល៧ខែដើម ឆ្នាំ២០២៤នេះ កម្ពុជាទទួលភ្ញៀវទេសចរ បានចំនួន ៣.៣៤លាននាក់ កើន២៣.២% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ និងសម្រេចបានរហូត ដល់៩៧.៨% ធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ មុនពេលមានវិបត្តិកូវីដ-១៩។យ៉ាងណាមិញ តាមរយៈពិធីសំណេះសំណាលជាមួយក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ត្រូវបានក្រសួងរំពឹងថា នឹងចូលរួមចំណែកមួយមិនអាចខ្វះបាន ក្នុងការផ្តល់បទពិសោធន៍ល្អ ដល់ភ្ញៀវទេសចរ ក៏ដូចជារក្សាបានមុខមាត់ប្រទេសជាតិ និងបង្កើនភាពទាក់ទាញថែម មួយកម្រិតទៀតផងដែរ៕អត្ថបទ៖ ហ្សាលីន