ស្ថាប័នជំនាញ ជំរុញការអនុវត្តផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងជំរុញការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ឆ្នាំ ២០២៣-២០៣៣ ដើម្បីធ្វើការទាក់ទាញអ្នកវិនិយោគ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងទៅកាន់ភាគីពាក់ព័ន្ធក្នុងសិក្ខាសាលា លោក ហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សិក្ខាសាលានេះ មានគោលបំណងសំខាន់ នៃសិក្ខាសាលាគឺដើម្បីផ្សព្វផ្សាយ និងជំរុញការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីធ្វើការទាក់ទាញអ្នកវិនិយោគ និងជំរុញការអនុវត្តផែនការមេនេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

សូមបញ្ជាក់ថា ផែនការមេគ្រប់ជ្រុងជ្រោយ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ជាការសំយោគបញ្ចូលគ្នានូវផែនការមេផ្លូវថ្នល់ ផែនការមេផ្លូវដែក ផែនការមេផ្លូវទឹក ផែនការមេកំពង់ផែ ផែនការមេផ្លូវអាកាស ផែនការមេឡូជីស្ទីក និងផែនការអន្តរមធ្យោបាយ ប្រកបដោយភាពប្រទាក់ក្រឡានៅក្នុងវិស័យដឹកជញ្ជូនផង ហើយស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលផែនការមេគ្រប់ជ្រុងជ្រោយនេះ នឹងជួយរួមចំណែកសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជាឱ្យមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ផែនការមេកំណត់បាននូវគម្រោងអាទិភាពចំនួន១៧៤ ក្នុងនោះគម្រោងផ្លូវថ្នល់មានចំនួន៩៤ គម្រោង​​ផ្លូវ ដែក​មានចំនួន៨ គម្រោងដឹកជញ្ជូនតាមផ្លូវទន្លេមានចំនួន២៣ គម្រោងដឹកជញ្ជូនតាមផ្លូវ​សមុទ្រ​មាន​ចំនួន២០ គម្រោងផ្លូវអាកាសមានចំនួន១០ គម្រោងប្រព័ន្ធឡូជីស្ទីកមានចំនួន១៥ និងគម្រោងបន្ថែម​ផ្សេងៗ​មានចំនួន៤។ គម្រោងទាំងនោះ រួមបញ្ចូលនូវគម្រោងតភ្ជាប់ពីមធ្យោបាយ​ដឹកជញ្ជូនមួយ​ទៅ​មធ្យោ​បាយដឹកជញ្ជូនផ្សេងទៀត និងទៅកាន់មណ្ឌលឡូជីស្ទីក ព្រមទាំងបែងចែក​ជារយៈពេលខ្លី និង​មធ្យម​ចំនួន៩០គម្រោង និងរយៈពេលវែងចំនួន ៩១គម្រោង៕ អត្ថបទ៖ ហ្សាលីន