“មជ្ឈមណ្ឌលសេវានាំចេញ” ជួយលើកកម្ពស់ការនាំចេញរបស់កម្ពុជា និងពង្រីកនូវសក្ដានុពលផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “មជ្ឈមណ្ឌលសេវានាំចេញ” (Export Service Center-ESC) ដើម្បីលើកកម្ពស់ដល់ការនាំចេញរបស់កម្ពុជា និងពង្រីកនូវសក្ដានុពលផលិតផលកម្ពុជា (Product of Cambodia) ទៅកាន់ទីផ្សារអន្តរជាតិ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ​ក្រោមអធិបតីលោកស្រី ចម និម្មល  រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “មជ្ឈមណ្ឌលសេវានាំចេញ” នេះជួយឱ្យអ្នកនាំចេញទទួលបាននូវការយល់ដឹងសំខាន់ៗដូចជា៖ ការបណ្តុះបណ្តាលអំពីនីតិវិធីក្នុងការនាំចេញ និងឱកាសក្នុងការបង្កើតបណ្តាញជាមួយនឹងអ្នកជំនាញ និងអ្នកទិញសក្ដានុពលនៅក្នុងទីផ្សារគោលដៅ។

ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការបង្កើតមជ្ឈមណ្ឌលសេវានាំចេញ (ESC) នេះ គឺជាគំនិតផ្តួចផ្តើមថ្មីរបស់ក្រសួងពាណិជ្ជកម្ម សហការជាមួយមជ្ឈមណ្ឌលសម្រាប់ជំរុញការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) ក្នុងគោលបំណងលើកកម្ពស់ដល់ការនាំចេញរបស់កម្ពុជា  និងជួយដល់ពាណិជ្ជករក្នុងការត្រៀមខ្លួនក្នុងការនាំចេញ ព្រមទាំងជួយជំរុញដល់ពាណិជ្ជករឱ្យមានទំនុកចិត្តក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិផងដែរ។

ចំពោះតំណាងអាជីវកម្ម និងម្ចាស់សហគ្រាស ដែលមានបំណងចង់យល់ដឹងបន្ថែមអំពីនីតិវិធីពាក់ព័ន្ធនឹងការនាំចេញ អាចធ្វើការទាក់ទងមកកាន់មជ្ឍមណ្ឌលសេវានាំចេញ ដែលមានទីតាំងនៅទីស្តីការក្រសួងពាណិជ្ជកម្ម៕