លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញក្រុមហ៊ុន CMA CGM ដែលជាក្រុមហ៊ុនដឹកជញ្ជូន និងភស្ដុភារកម្មរបស់បារាំង ឱ្យមកពិនិត្យលទ្ធភាពបោះទុនវិនិយោគលើវិស័យដឹកជញ្ជូនកម្ពុជា។

លោក ស៊ុន ចាន់ថុល ជំរុញដូច្នេះ បានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចទីស្នាក់ការកណ្តាលក្រុមហ៊ុន CMA CGM នាទីក្រុងម៉ាកសី (Marseille) ប្រទេសបារាំង កាលពីរសៀលថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
នាឱកាសដំណើរទស្សនកិច្ចនោះ តំណាងក្រុមហ៊ុន CMA CGM បានទទួលស្វាគមន៍កក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជា និងបានធ្វើបទបង្ហាញជូន ប្រតិភូកម្ពុជាអំពីប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងភ្ជាប់នឹងបច្ចុប្បន្នភាពនៃវិស័យដឹកជញ្ជូន និងភស្ដុរភារកម្មផងដែរ។
បន្ថែមពីនេះ ក្រុមហ៊ុន ក៏បានបង្ហាញចំណាប់អារម្មណ៍លើវឌ្ឍនភាព និងការផ្លាស់ប្ដូរមុខមាត់របស់កម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសថ្មីៗនេះបានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោសម្រាប់គម្រោងដឹកជញ្ជូនផ្លូវទឹក។
តបតាមបទបង្ហាញនេះ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានផ្ដល់ការគិតគូរលើគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា។ លោក ក៏បានបង្ហាញជូនអំពីវឌ្ឍនភាព និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន រាប់បញ្ចូលទាំងវិស័យដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែជាដើម។ ស្របតាមឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តី បានជំរុញទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការចូលរួមសកម្មភាពនានាបន្ថែមទៀត ព្រមទាំងបណ្ដាក់ទុនវិនិយោគលើវិស័យដឹកជញ្ជូន និងភស្ដុភារកម្មនៅកម្ពុជា។
សូមជម្រាបជូនថា ប្រតិភូកម្ពុជា ដែលដឹកនាំដោយលោក ស៊ុន ចាន់ថុល កំពុងអញ្ជើញបំពេញទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគក្នុងសហភាពអឺរ៉ុបចាប់ពីថ្ងៃទី៣-១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សំដៅយ៉ាងណាគោះទ្វារវិនិយោគិនថ្មីៗ និងថែទាំវិនិយោគិនដែលមានស្រាប់នៅកម្ពុជាឱ្យពិនិត្យលទ្ធភាពពង្រីកការបណ្ដាក់ទុន បង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត៕ អត្ថបទ៖ ហ្សាលីន



