សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយ លោកស្រី Xuemei Chen ប្រធានក្រុមហ៊ុន Zhengzhou chen’s sun ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីរួមគ្នាជំរុញលើការស្រាវជ្រាវអភិវឌ្ឍន៍ពូជផ្លែឈើ ការដាំដុះទ្រង់ទ្រាយធំ និងការកែច្នៃពូជផ្លែឈើក្រោយប្រមូលផល។

ភាគីទាំងពីរ បានបើកកិច្ចពិភាក្សានេះ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម (CLMV) លើកទី១១ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Xuemei Chen ប្រធានក្រុមហ៊ុន Zhengzhou chen’s sun ដែលជាក្រុមហ៊ុនមួយបង្កើតឡើងក្នុងឆ្នាំ ១៩៩២ មានទីស្នាក់ការនៅទីក្រុង Zhengzhou ប្រទេសចិន បានផ្តោតការពិភាក្សាលើរឿងសំខាន់ៗជាច្រើន ដូចជា៖ ការស្រាវជ្រាវអភិវឌ្ឍន៍ពូជផ្លែឈើ ការដាំដុះទ្រង់ទ្រាយធំ ការកែច្នៃក្រោយការប្រមូលផល ការចែកចាយ ការដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់ ចែកចាយគ្រប់បណ្តាញ ការលក់ដុំ និងទីផ្សារលក់រាយ ផលិតគ្រាប់ផ្លែឈើស្ងួត និងអាហារសម្រន់ ជាដើម។
សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ(GMS) លើកទី៨ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ក្នុងកិច្ចប្រជុំនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងមានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំ និងធុរជនបរទេស ដើម្បីជំរុញការវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជាជាច្រើនផងដែរ៕ អត្ថបទ៖ ហ្សាលីន



