សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ជាង២០ឆ្នាំនេះ វិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ មានការរីកចម្រើនគួរជាទីមោទនៈ ខណៈរដ្ឋាភិបាលនិតិកាលទី៧ នៅតែចាត់ទុកវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាកម្លាំងពន្លឿនក្នុងការជួយបង្កើនល្បឿនដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដទៃទៀតផងដែរ។
សម្តេចលើកឡើងបែបនេះ តាមរយៈសារលិខិត ថ្លែងក្នុងទិវាជាតិអាហារូបត្ថម្ភ លើកទី១១ (៦ វិច្ឆិកា ២០១៤ – ៦ វិច្ឆិកា ២០២៤) ក្រោមប្រធានបទ «អាហារូបត្ថម្ភដើម្បីការលូតលាស់ និងកំណើន» ដែលផ្សាយចេញនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងលិខិតដដែល សម្តេចធិបតី បានបន្តថា ជាង២០ឆ្នាំនេះ វិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ មានការរីកចម្រើនគួរជាទីមោទនៈ ជាក់ស្តែងពិន្ទុសន្ទស្សន៍នៃភាពអត់ឃ្លានសកល (Global Hunger Index) បានធ្លាក់ចុះពី៤១,៤០ នៅឆ្នាំ២០០០ ត្រឹម១៤,៩០ នៅឆ្នាំ២០២៣។
សម្តេចធិបតី បានបន្តទៀតថា៖« តាមលទ្ធផលនៃការអង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជា ចាប់ពី ឆ្នាំ២០០០ដល់ឆ្នាំ២០២១-២០២២ បានបង្ហាញថា អត្រាក្រិសក្រិនរបស់កុមារអាយុក្រោម៥ឆ្នាំ បាន ធ្លាក់ចុះពី៥០ភាគរយមកត្រឹម២១,៩០ភាគរយ អត្រាស្គមស្គាំងបានធ្លាក់ចុះពី១៧ភាគរយ មកត្រឹម ៩,៦០ភាគរយ អត្រាកុមារមិនគ្រប់ទម្ងន់ បានធ្លាក់ចុះពី៣៩ភាគរយ មកត្រឹម១៦ភាគរយ ហើយអត្រា មិនគ្រប់ទម្ងន់របស់ស្ត្រីក្នុងវ័យបន្តពូជ ក៏បានធ្លាក់ចុះពី២០,៦០ភាគរយ មកត្រឹម១០,៥៥ភាគរយ»។
បន្ថែមពីនេះ សម្តេចធិបតី បានបញ្ជាក់បន្តថា ឈរលើបរិបទនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជានាពេលបច្ចុប្បន្ន បានធ្វើឱ្យប្រជាជន ផ្លាស់ប្តូររបៀបរស់នៅ និងផ្លាស់ប្តូរឥរិយាបថក្នុងការបរិភោគអាហារ។ ការផ្លាស់ប្តូរទាំងនេះមានឥទ្ធិពល ជាវិជ្ជមានលើស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាជន។
ឈរលើកត្តាទាំងនេះ សម្តេចបន្តថា រាជរដ្ឋាភិបាលក៏សូម អំពាវនាវឱ្យគ្រប់តួអង្គពាក់ព័ន្ធ ត្រូវចូលរួមផ្លាស់ប្តូររបៀបផលិត របៀបកែច្នៃ របៀបធ្វើអាជីវកម្ម របៀបរបប ការបរិភោគអាហារ និងការរស់នៅ ដើម្បីថែរក្សាសុខភាព និងសុខុមាលភាពម្នាក់ៗឱ្យបានល្អ។
យ៉ាងណាមិញ ដើម្បីលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា សម្តេចធិបតី បានសង្កត់ធ្ងន់ថា យើងទាមទារឱ្យមានកិច្ចសហការ ការ សម្របសម្រួល កិច្ចអន្តរាគមន៍ និងការវិនិយោគនៅក្នុងវិស័យកសិកម្ម សុខាភិបាល អប់រំ កិច្ចគាំពារសង្គម ទឹកស្អាតនិងអនាម័យ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត៕ អត្ថបទ៖ ហ្សលីន