ក្រុមហ៊ុនមួយរបស់ចិន ចាប់អារម្មណ៍បោះទុនវិនិយោគលើដំណាំទុរេននៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Zhengzhou Chen’s Sun ដែលមានស្នាក់ការនៅប្រទេសចិន ចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ពិសេសដំណាំទុរេន និងរោងចក្រកែច្នៃ ដើម្បីនាំចេញមកកាន់ទីផ្សារប្រទេសចិន និងប្រទេសផ្សេងទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុន បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោកស្រី Xuemei Chen ប្រធាន និងជាស្ថាបនិកនៃក្រុមហ៊ុន Zhengzhou Chen’s Sun  ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន  នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងឱកាសនេះជំនួប លោកស្រីប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីថា លោកស្រីធ្លាប់មកទស្សនាប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៨ និងពិនិត្យឃើញថា កម្ពុជាមានសក្ដានុពលខ្លាំងខាងវិស័យកសិកម្ម ជាពិសេសគឺឧស្សាហកម្មផ្លែឈើ (ដំណាំទុរេន)។

ក្នុងន័យនេះ លោកស្រីប្រធានក្រុមហ៊ុនមានចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ពិសេសដំណាំទុរេន និងរោងចក្រកែច្នៃ ដើម្បីនាំចេញមកកាន់ទីផ្សារប្រទេសចិន និងប្រទេសផ្សេងទៀត ដែលនេះនឹងចូលរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន នៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលើការវិនិយោគខាងវិស័យកសិកម្ម ជាពិសេសដំណាំទុរេន នៅកម្ពុជា និងបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមានសក្ដានុពលលើផលិតផលកសិកម្មច្រើនប្រភេទ ដែលវិនិយោគិនអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ប្រកបដោយភាពប្រកួតប្រជែង។

សម្ដេចធិបតី ក៏បានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តពិភាក្សាលម្អិត និងសហការជាមួយក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងស្រុក សំដៅប្រែក្លាយផែនការវិនិយោគរបស់ក្រុមហ៊ុន ឱ្យចេញលទ្ធផលជាក់ស្ដែង ក្នុងពេលដ៏ខ្លីខាងមុខ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Zhengzhou Chen’s ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ មានទីស្នាក់ការនៅទីក្រុង Zhengzhou ប្រទេសចិន។ ផ្តោតលើកការស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជផ្លែឈើ ការដាំដុះទ្រង់ទ្រាយធំ ការកែច្នៃក្រោយការប្រមូលផល ការចែកចាយ ការដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់ ចែកចាយគ្រប់បណ្តាញ, ការលក់ដុំ និងទីផ្សារលក់រាយ, ផលិតគ្រាប់ផ្លែឈើស្ងួត និងអាហារសម្រន់៕