ភ្នំពេញ៖ រដូវប្រាំងឈានចូលមកដល់ ខ្មែរ ប៊ែវើរីជីស បើកឆាកចុះហត្ថលេខាជាមួយនឹងផលិតកម្ម សាន់ដេ និងក្លឹបគុនខ្មែរ អន្តរជាតិ KKIF បង្កើតមហាព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្ស CAMBODIA WATER CONCERT និងមហាព្រឹត្តិការណ៍គុនខ្មែរ ទឹកពិសាកម្ពុជា សេនាឯក គុនខ្មែរ សរុប ២១ទីតាំង។

ខ្មែរ ប៊ែវើរីជីស នៅតែបន្តកិច្ចសហការជាមួយនឹងផលិតកម្ម សាន់ដេ និងក្លឹបគុនខ្មែរអន្តរជាតិ KKIF ក្នុងគោលបំណង លើកកម្ពស់ជីវភាព ការបណ្ដុះសមត្ថភាព បង្កើតឱកាសដល់កីឡាករបន្តវេន កីឡាករ-កីឡាការិនី និងសិល្បករ-សិល្បការិនី ព្រមទាំងជាផ្នែកមួយដ៏សំខាន់ក្នុងការអភិរក្ស និងអភិវឌ្ឍមរតកបុព្វបុរសឱ្យកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ។
កិច្ចសហការនេះគឺជាសក្ខីភាពបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ ខ្មែរ ប៊ែវើរីជីស ទៅលើការលើកកម្ពស់វិស័យសិល្បៈ និងវិស័យកីឡាជាតិ ដែលសុទ្ធសឹងតែជាវប្បធម៌ ដ៏ចំណាស់របស់ខ្មែរ។
គួរបញ្ជាក់ដែរថា ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេនៅកម្ពុជា និងលេចធ្លោជាងគេក្នុងការចូលរួមស្ទើរតែគ្រប់សកម្មភាពជាមួយរដ្ឋាភិបាល ដើម្បីជួយដល់សង្គម និងឧបត្ថម្ភគាំទ្រគ្រប់វិស័យចម្បងៗនៅកម្ពុជា ជាពិសេសវិស័យកីឡា និងសិល្បៈខ្មែរនេះ។ ខ្មែរ ប៊ែវើរីជីស ឈរលើគោលជំហរច្បាស់លាស់ នឹងស្ម័គ្រខ្លួនធ្វើជាបង្គោលដ៏រឹងមាំ ដែលអាចឈរជាស្មាបង្អែកដល់ការលើកកម្ពស់វិស័យសិល្បៈ និងកីឡាកម្ពុជាឱ្យកាន់តែមានកេរ្តិ៍ឈ្មោះ បោះសម្លេងនៅលើឆាកអន្តរជាតិ៕





