ក្រុមហ៊ុន Zhongjiao Tongli សំឡឹងឃើញឱកាសពង្រីកការវិនិយោគលើវិស័យកសិកម្ម ក្នុងខេត្តភាគឦសានចំនួន២

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឱ្យលោក Zhongdi Sun ប្រធានក្រុមហ៊ុន ZhongJiao Tongli ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន នាថ្ងៃទី៦ ខែវិច្ឆិកា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃជំនួបនោះ លោកប្រធានក្រុមហ៊ុនបានលើកឡើងថា កម្ពុជាគឺជាប្រទេសដែលមាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលការណ៍នេះជាកាលានុវត្តភាព និងកត្តាអំណោយផល សម្រាប់ការវិនិយោគនៅក្នុងកម្ពុជា។

ក្នុងន័យនេះ លោកប្រធានក្រុមហ៊ុន បានគូសបញ្ជាក់ថា ក្រុមហ៊ុន Zhongjiao Tongli មានមូលដ្ឋាននៅក្រុងស៊ីអាន (Xi’an) និងមានប្រតិបត្តិការអាជីវកម្មលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាលពលស្អាត និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ។ ក្រុមហ៊ុនក៏បាននិងកំពុងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលមានដូចជា ដំណាំចេក និងស្វាយ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង។

បន្ថែមលើនេះ ក្រុមហ៊ុនក៏មានបំណងពង្រីកការវិនិយោគលើវិស័យកសិកម្ម នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី បន្ថែមទៀតផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានវិនិយោគ និងបង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពទៅលើវិស័យកសិកម្ម និងបន្តគាំទ្រការវិនិយោគលើវិស័យនេះនៅកម្ពុជា។

ជាមួយគ្នានោះ សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តការវិនិយោគនៅខេត្តភាគឦសាននៃប្រទេស ហើយផ្អែកតាមគោលនយោបាយនេះ ក្រុមហ៊ុនអាចពិនិត្យលទ្ធភាពវិនិយោគលើវិស័យផ្សេងៗទៀតនៅតំបន់នោះផងដែរ។

ពាក់ព័ន្ធនឹងលទ្ធភាពនៃការពង្រីការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសហការនិងពិភាក្សាបន្ថែមទៀតជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕