សម្រាប់ឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថា នឹងអាចសម្រេចបានកំណើនក្នុងរង្វង់ ៦% ដោយសារការងើបវិញនៃវិស័យកាត់ដេរ, ការរក្សាបានកំណើននៃវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងការបន្តងើបជាបណ្តើរៗនៃវិស័យទេសចរណ៍ ។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងដូច្នេះក្នុងសិក្ខាសាលាសភាស្ដីពី ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥នាវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៦ខែវិច្ឆិកា ។
លោកបានបញ្ជាក់បន្ថែមថា៖ តួលេខកំណើនរួម និងតាមវិស័យ ជាការគិតគូរមាននិន្នាការប្រហាក់ប្រហែលទៅនឹងការវាយតម្លៃរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ប៉ុន្តែអាចខុសគ្នាជាទំហំតួលេខ ដូចជា៖ តាមការវាយតម្លៃចុងក្រោយថ្មីៗនេះ, IMF បានសន្និដ្ឋានថា សេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានកំណើន ៥,៥% ក្នុងឆ្នាំ ២០២៤, ធនាគារពិភពលោក(World Bank) ថា ៥,៣%, ADB ថា ៥,៨% និង AMRO ថា ៥,៦% ។

លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងទៀតថា៖ សម្រាប់ឆ្នាំ ២០២៥ ផ្អែកលើការវាយតម្លៃក្នុង«ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (MTFF) ឆ្នាំ ២០២៥-២០២៧» សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថាអាចនឹងសម្រេចបានកំណើន ៦,៣% ដែលធ្វើឱ្យផសស(GDP) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់២០៩ ១៦៣ ប៊ីលានរៀល សមមូលនឹងប្រមាណ ៥១ ៣៩៨ លានដុល្លារអាម៉េរិក ខណៈដែល ផសស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនដល់ ២ ៩២៤ដុល្លារ។
លទ្ធផលនៃការព្យាករកំណើននេះ គាំទ្រដោយទិដ្ឋភាពវិជ្ជមាននៃវិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជា៖ វិស័យកាត់ដេរ, វិស័យកម្មន្តសាលមិនមែនកាត់ដេរ, និងវិស័យផលិតកម្មម្ហូបអាហារ និង ភេសជ្ជៈ, ព្រមទាំងវិស័យទេសចរណ៍ និង សេវាកម្មគាំទ្រផ្សេងទៀត, ដែលវិស័យទាំងអស់នេះ ត្រូវបានព្យាករថា នឹងបន្តរក្សាបានកំណើនរឹងមាំ និងមានចលនការល្អ, ក្នុងខណៈដែលតម្រូវការសកល និងកំណើនទំនុកចិត្តវិនិយោគិនបរទេស ត្រូវបានរំពឹងទុកថា នឹងមានសភាពកាន់តែប្រសើរឡើង៕

