ក្រសួងរ៉ែ និងថាមពល បានបញ្ចេញកណ្ដាប់ដៃដែក ដាក់ចេញវិធានការចំនួន៦ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសរ៉ែមាសខុសច្បាប់នៅកម្ពូជា ឱ្យមានប្រសិទ្ធភាពខ្ពស់។
ការប្រកាសដាក់ចេញនូវវិធានការនេះ គឺធ្វើឡើងបន្ទាប់ពីមានការរីករាលដាលឡើងវិញនៃអាជីវកម្មរ៉ែអនាធិបេយ្យជីករុករករ៉ែមាសខុសច្បាប់ ដែលស្ថិតនៅក្នុងភូមិសាស្ត្រតំបន់មេសំ ឃុំចុងផ្នាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រសួងរ៉ែនិងថាមពល បានបើកប្រតិបត្តិការបង្ក្រាបលើករណីនេះ។
ថ្លៃងក្នុងសន្និសីទសារព័ត៍មាននាថ្ងៃទី៦ ខែវិច្ឆិកានេះ លោក អឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានលើកឡើងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះក្រសួងរ៉ែបានដាក់ចេញនៅវិធានការធំៗចំនួន៦ រួមមាន៖
១.ស្នើសុំការចូលរួមពីព្រះរាជអាជ្ញាក្នុងការចុះឆែកឆេរគ្រប់ផ្ទះទាំងអស់ដែលស្ថិតនៅក្នុងតំបន់រ៉ែអនាធិបតេយ្យ ដើម្បីពិនិត្យមើលថាផ្ទះមួយណាមានអណ្តូងរ៉ែគ្រប់ខ្នងផ្ទះ។
២.សហការជាមួយមន្ទីរដែនដីដើម្បីកំណត់អត្តសញ្ញាណម្ចាស់អណ្តូងរ៉ែទាំងអស់ និងចាត់វិធានការបញ្ជូនទៅតុលាការ ហើយស្នើសុំគោលការឯកភាពពីរដ្ឋបាលខេត្ត ឱ្យបង្កក់មិនឱ្យចេញផ្លង់ជូនពួកគាត់នៅពេលដែលរកឃើញថាមានអណ្ដូងរ៉ែអនាធិបតេយ្យ ជាបណ្តោះអាសន្ន ចូលដោះស្រាយពិន័យទៅតាមច្បាប់រ៉ែ និងស្តាការរដ្ឋាននោះឡើងវិញ។
៣.ដើម្បីអោយប្រាកដថា មិនរីករាលដាលមកវិញទេនូវសកម្មភាពខុច្បាប់ទាំងអស់នោះដោយត្រូវដាក់កម្លាំងទាំងបីអោយប្រចាំការនៅទីនោះពី៦ខែទៅមួយឆ្នាំដោយមិនអោយរើបឡើងវិញជាដាច់ខាត់។
៤.លុបទាំងអស់នូវអណ្តូងរ៉ែអនាធិបតេយ្យ និងស្តាការដ្ឋានឡើងវិញ។
៥.សហការជាមួយភាគីពាក់ព័ន្ធទាំងអស់គឺទប់ស្កាត់នៃការលិចធ្លាយរំសេវជាតិផ្ទុះនិងសារធាតុគីមីផ្សេងៗទៅដល់ក្រុមអាជីវកម្មរ៉ែអនាធិបតេយ្យ។
៦. តាមដានជាប្រចាំដោយបង្កើតគ្រុប talegram ដែលមានកម្លាំងទាំងបីនិងខេត្តភាគីផ្សេងៗរួមទាំងក្រសួងចូលរួមតាមដាននូវរាល់សកម្មភាពកើតឡើងណាមួយ យើងត្រូវចាត់វិធានការទប់ស្កាត់អោយទាន់ពេលវេលា។
បើតាមលោក អឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានបញ្ជាក់ថែមទៀតថា ក្នុងការចាប់ផ្តើមអនុវត្តកាលពី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានមន្ទីររ៉ែនិងថាមពល ខេត្តមណ្ឌលគិរីជាសេនាធិការ ដោយមានកិច្ច សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត ក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី និងមាន ការចូលរួមអង្កេតការដោយអង្គភាពប្រឆាំងអំពើពុករលួយ។
ក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនេះ រកឃើញ និងបង្គ្រាបបានចំនួន៥៦ទីតាំង នៅក្នុងនោះគឺមាន៣៣អណ្តូង និងទីតាំងកិននិងរែងរ៉ែចំនួន២០ទីតាំងហើយ៣ទីតាំងទៀតជាទីតាំងអណ្តូងចាស់ដែលពួកគាត់មិនប៉ះពាល់ និងបន្តបេសកកម្មនេះបីបួនថ្ងៃទៀតដើម្បីឈានដល់ការបិទបញ្ចប់ជាស្ថាបពរ។
គួរបញ្ចាក់ផងដែរថា អាជីវកម្មរ៉ែមាសបែប លក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៨៧ ដែលមានប្រជាពលរដ្ឋប្រកបរបរផីកយកនិងរែងមាសដោយដែតាម លក្ខណៈគ្រួសារ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលពីលក្ខណៈគ្រួសារ ដែលធ្វើដោយដៃនិង ឧបករណ៍សាមញ្ញ ទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយមានការជីករុងជាអណ្តូងរ៉ែ ក្រោមដី៕អត្ថបទ៖ ហ្សាលីន