ក្រុមហ៊ុន Guangdong Juxiang General Aviation Co., Ltd. ដែលជាក្រុមហ៊ុនធំមួយរបស់ប្រទេសចិន បានបង្ហាញឆន្ទៈចង់នាំយកបច្ចេកវិទ្យាថ្មីទំនើប មកបម្រើប្រយោជន៍ដល់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មកម្ពុជានាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមហ៊ុន បានមកសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីទីផ្សារ និងសក្តានុពលវិនិយោគលើមុខសញ្ញាកសិកម្មទំនើបនៅកម្ពុជារួចរាល់ហើយ។
ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈប្រតិភូក្រុមហ៊ុន Guangdong Juxiang General Aviation Co., Ltd. តំណាងដោយលោក Peter Chen ប្រធានក្រុមប្រឹក្សាភិបាល បានឱ្យដឹងថា គោលបំណងនៃជំនួបនេះ គឺក្នុងគោលបំណងបញ្ជ្រាបការឈ្វេងយល់អំពីសក្តានុពល និងបរិយាកាសវិនិយោគលើវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា។
លោកបានឱ្យដឹងបន្តថា ឆន្ទៈរបស់ក្រុមហ៊ុន គឺមកពិនិត្យលទ្ធភាពជ្រើសយកកម្ពុជាជាទីតាំងសម្រាប់បណ្តាក់ទុនវិនិយោគនាពេលខាងមុខ ក្នុងគោលដៅចូលរួមចំណែកពាំនាំនូវបច្ចេកវិទ្យាថ្មីសម្រាប់បម្រើដល់ឧត្តមប្រយោជន៍នៃវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មរបស់កម្ពុជាឱ្យកាន់តែប្រសើរថែមទៀត។
ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានស្វាគមន៍ចំពោះ ទស្សនកិច្ចសិក្សានៅកម្ពុជា ដើម្បីសិក្សាអំពីទីផ្សារ និងកាលានុវត្តភាពវិនិយោគលើមុខសញ្ញាកសិកម្មទំនើប ដែលរំពឹងថានឹងចូលរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍរបៀងមច្ឆា និងអង្ករកម្ពុជា-ចិនឱ្យកាន់តែរីកធំធាត់ជាលំដាប់។
ជាមួយគ្នានេះ លោកបន្តថា រដ្ឋាភិបាលមានគោលនយោបាយគាំទ្រ និងការលើកទឹកចិត្តផ្នែកសារពើពន្ធនានាលើវិស័យកសិកម្ម ដោយសំដៅធានាបានថាវិស័យដ៏មានអាទិភាពមួយនេះ កាន់តែមានភាពប្រកួតប្រជែង បរិយាបន្ន ទំនើបកម្ម និងធន់នឹងការប្រែប្រួលអាកាសធាតុ។ លោក បានជំរុញក្រុមហ៊ុនសិក្សាស្វែងយល់ឱ្យគ្រប់ជ្រុងជ្រោយជាមួយក្រសួងពាក់ព័ន្ធពីទិសដៅវិនិយោគនេះ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្វាគមន៍ជានិច្ចក្នុងការត្រៀមខ្លួនផ្តល់នូវកិច្ចសម្រួលវិនិយោគផងដែរ។
គួរបញ្ជាក់ដែរថា Guangdong Juxiang General Aviation Co., Ltd. គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅខេត្ត Guangxi សាធារណរដ្ឋប្រជាមានិតចិន ហើយមានប្រតិបត្តិការធុរកិច្ចយ៉ាងសម្បូរបែប ដូចជា ការផលិតជី ថ្នាំសម្លាប់សត្វល្អិត កសិកម្មទំនើប កសិកម្មឆ្លាតវៃ ដ្រូនកសិកម្មជាដើម៕ អត្ថបទ៖ ហ្សាលីន