ក្រុមហ៊ុន Sailun Group បានបង្ហាញបំណងចង់វិនិយោគបង្កើតសួនឧស្សាហកម្មកែច្នៃកៅស៊ូកៅស៊ូនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួននៅក្នុងតំបន់ឱ្យកាន់តែខ្លាំងថែមទៀត។
នេះបើយោងតាមប្រសាសន៍របស់លោក លោក Yuan Zhongxue ប្រធានកិត្តិយសក្រុមហ៊ុន Sailun Group ក្នុងពេលជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
នាឱកាសនោះ លោក Yuan Zhongxue ប្រធានកិត្តិយសក្រុមហ៊ុន Sailun Group បានលើកឡើងពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅតាមបណ្ដាប្រទេសមួយចំនួន និងវឌ្ឍនភាពនៃការវិនិយោគ ក៏ដូចជាកិច្ចសហការរបស់ក្រុមហ៊ុនជាមួយនឹងស្ថានប័នមួយចំនួនរបស់កម្ពុជាផងដែរ។
ទន្ទឹមនឹងនោះ លោកប្រធានកិត្តិយសក្រុមហ៊ុនក៏បានគូសបញ្ជាក់អំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងព្រះរាជាណាក្រកម្ពុជា ដោយផ្ដោតទៅលើ ១. ការបង្កើតសួនឧស្សាហកម្មសម្រាប់ខ្សែច្រវាក់ផលិតកម្មនៃឧស្សាហកម្មកែច្នៃកៅស៊ូ ក៏ដូចជាសមត្ថភាពផលិតរបស់ក្រុមហ៊ុននៅក្នុងតំបន់។ និង២. ការកែច្នៃផលិតផលកៅស៊ូ ដើម្បីផលិតចេញជាផលិតផលផ្សេងៗ ដែលមានដូចជាសំបកកង់រថយន្តជាដើម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ជាការឆ្លើយតប សម្ដេចធិបតី បានគាំទ្រចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួន ក្នុងការបង្កើតឱ្យមាននូវប្រព័ន្ធអេកូស៊ីស្ទឹមពេញលេញនៅក្នុងការផលិតសំបកកង់រថយន្តនៅក្នុងសួនឧស្សាហកម្មនេះ គឺជាចំណុចមួយដ៏ល្អ ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យគិតគូរទៅដល់ការបង្កើតនូវខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងស្រុក ក៏ដូជាទីផ្សារអន្តរជាតិផងដែរ។
គួរបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងរឿងខាងលើនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តសហការ និងពិភាក្សាបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយគោលបំណងពង្រីកការវិនិយោគនេះឱ្យទៅជាសកម្មភាពជាក់ស្ដែងផងដែរ៕ អត្ថបទ៖ ហ្សាលីន