សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញទំនុកចិត្តថា លោក ដូណាល់ ត្រាំ ដែលទើបតែជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកជាថ្មីទៀតនាពេលនេះ នឹងរួមចំណែកជួយនាំសន្តិភាពសម្រាប់ពិភពលោកទាំងមូល។
យោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលផ្ញើសារអបអរសាទរចំពោះជ័យជម្នះជូនលោក ដូណាល់ ត្រាំ កាលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានគូសរំលេចថា ការជាប់ឆ្នោតសាជាថ្មីរបស់លោក ដូណាល់ ត្រាំ គឺជាសក្ខីភាពមួយដែលបញ្ចាក់ពីភាពជឿជាក់ និងទំនុកចិត្ត ដែលប្រជាជនអាមេរិក មានចំពោះភាពជាអ្នកដឹកនាំ ចក្ខុវិស័យ និងបទពិសោធទូលំទូលាយរបស់លោក ទាំងក្នុងវិស័យឯកជន និងសាធារណៈ។
ដោយសម្តេចតេជោ បានបន្តដូច្នេះថា៖«ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា ក្នុងនាមជាប្រធានាធិបតី ឯកឧត្ដម នឹងមិនត្រឹមតែដឹកនាំសហរដ្ឋអាមេរិកឆ្ពោះទៅរកអនាគត មួយកាន់តែរុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបន្ថែមទៀត ដល់សន្តិភាព ស្ថិរភាព និងវិបុលភាព ពិភពលោកទាំងមូលផងដែរ»។
ក្នុងសារលិខិតដដែល សម្តេចតេជោ បានលើកឡើងដែរថា ស្របពេលដែលកម្ពុជា និងអាមេរិក នឹងប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាមេរិកនៅ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ សម្តេចជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម និងការយោគយល់ និងការគោរពគ្នាទៅវិញទៅមក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ប្រាកដជានឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។
ក្នុងនាមជាប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេចតេជោ បានប្រកាសបន្តប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ និងសភាសហរដ្ឋអាមេរិក ជាពិសេសព្រឹទ្ធសភា ដើម្បីលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និង ប្រជាជនប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងជ័យជម្នះរបស់លោក ដូណាល់ ត្រាំ នេះ កាលល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានផ្ញើសារលិខិតអបអរសាទរជូនដល់ ឯកឧត្តម ដូណាល់ ជេ. ត្រាំ (Donald J. Trump) ដែលបានក្លាយជាប្រធានាធិបតី ទី៤៧ របស់សហរដ្ឋអាមេរិកផងដែរ។
សូមបញ្ជាក់ដែរថា លោកដូណាល់ ត្រាំ ត្រូវបានប្រជាជនអាមេរិកបោះឆ្នោតគាំទ្រឱ្យក្លាយជាប្រធានាធិបតីទី៤៧។ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ២០២៤ នេះ បានធ្វើឱ្យលោកក្លាយជាអតីតប្រធានាធិបតីទី២ ដែលឈ្នះការបោះឆ្នោតអាណត្តិទី២មិនជាប់អាណត្តិគ្នា បន្ទាប់ពីលោក Grover Cleveland នៅឆ្នាំ ១៨៩២៕ អត្ថបទ៖ ហ្សាលីន