៩ខែ ឆ្នាំ២០២៤ កម្ពុជាសម្រេចបានការនាំចេញកៅស៊ូចំនួន ជិត២៥ម៉ឺនតោន កើនឡើងចំនួន ១ ៣១៦តោន

សង្គម​ និង​សេដ្ឋកិច្ច

ដំណាំកៅស៊ូ មានវត្តមាននៅក្នុងប្រទេសកម្ពុជាជាង១សតវត្សរ៍មកហើយ និងកំពុងបន្តរួមចំណែកដល់សេដ្ឋកិច្ចជាតិ។ សម្រាប់កម្ពុជា វិស័យកៅស៊ូ ជាប្រភពចំណូលថវិកាជាតិ និងប្រភពការងាររបស់ប្រជាជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤នេះ កម្ពុជាសម្រេចបានការនាំចេញកៅស៊ូចំនួន ២៤៨ ៥៣៥តោន កើនឡើងចំនួន ១ ៣១៦តោន ស្មើនឹង ៣,៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើតាមការឱ្យដឹងរបស់កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាបរមាញ់ និងនេសាទ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ។

អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងទៀតថា៖ក្រៅពីកំណើននៃការលក់ជ័រកៅស៊ូ តម្លៃជ័រកៅស៊ូក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ តម្លៃលក់ជ័រកៅស៊ូជាមធ្យមនៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤នេះ ថ្លៃ ១ ៥៨៦ដុល្លារ/តោន កើនឡើង ២១៥ដុល្លារ/តោន ស្មើនឹង ១៥,៧២ភាគរយ បើធៀបនឹងឆ្នាំមុន។

ទីផ្សារនាំចេញកៅស៊ូសំខាន់ៗរបស់កម្ពុជា រួមមាន៖ វៀតណាម ចិន ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌា និងសហភាពអឺរ៉ុប។ ប្រទេសកម្ពុជា រកចំណូលបាន ៩១៩លានដុល្លារអាម៉េរិក ពីការនាំចេញកៅស៊ូ និងកៅស៊ូផលិតផលធ្វើអំពីកៅស៊ូ នៅឆ្នាំ ២០២៣។

បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រទេសកម្ពុជា រកចំណូលបានពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ មានតម្លៃទឹកប្រាក់សរុបចំនួន ៤០២លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ ២០២៤ កើនឡើង ៩៤,៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣។

លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលពីពេលថ្មីៗនេះថាកម្ពុជាបានក្លាយជាប្រទេសដែលមានចំនួនដើមកៅស៊ូវ័យចំណាស់ នៅរស់រានមានជីវិតច្រើនជាងគេបំផុតលើពិភពលោក គឺមានរហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ១៤ហិកតា នៃផ្ទៃដីដំាដុះកៅស៊ូសរុបជាង ៤៤ម៉ឺនហិកតា នៅទូទាំងប្រទេស៕