លោកឧកញ៉ា លឹម កុកឡុង អគ្គនាយកក្រុមហ៊ុន ឌឺផ្លរ៉ា (The Flora ) ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា បានចាប់ដៃគូរួមគ្នារវាង THE FLORA និង Accor Group បើកការដ្ឋានសាងសង់សណ្ឋាគារលំដាប់អន្តរជាតិ កម្រិតផ្កាយ៤ មានកំពស់ដល់ទៅ ១៣០ម៉ែត្រ ស្មើនឹង ៣៦ជាន់ និងមាន ២០០បន្ទប់ ដែលមានឈ្មោះថា មឺខ្យូរ ហូថែល ភ្នំពេញ (MERCURE HOTEL PHNOM PENH) មានទីតាំងស្ថិតនៅលើផ្លូវលេខ៣៩២ កែងផ្លូវលេខ៧១ ក្នុងសង្កាត់បឹងកេងកង១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។
ពិធីបើកការដ្ឋានបុកគ្រឹះសាងសង់ជាផ្លូវការ សណ្ឋាគារអន្តរជាតិ MERCURE HOTEL PHNOM PENH នេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានវត្តមានចូលរួមពីសំណាក់ លោកឧកញ៉ា លោក-លោកស្រី-អ្នកនាងកញ្ញា-ភ្ញៀវកិត្តិយសជាតិ- អន្តរជាតិ និងដៃគូពាណិជ្ជកម្មជាច្រើន។
លោកឧកញ៉ា លឹម កុកឡុង ជាអគ្គនាយកនៃក្រុមហ៊ុន ឌឺ ផ្លរ៉ា(THE FLORA) បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានភ្ញៀវកិត្តិយសជាតិ-អន្តរជាតិទាំងអស់ ដែលបានចូលរួមក្នុងពិធីបើកការដ្ឋានបុកគ្រឹះសាងសង់ សណ្ឋាគារអន្តរជាតិ មឺខ្យូរ ហូថែល ភ្នំពេញ ( MERCURE HOTEL PHNOM PENH) នាឱកាសនេះ។
បើតាមលោកឧកញ៉ា លឹម កុកឡុង មានប្រសាសន៏ថា អាគារសណ្ឋាគារ MERCURE HOTEL PHNOM PENH ដែលត្រូវបើកការដ្ឋានបុកគ្រឹះសាងសង់នាពេលនេះ គឺសាងសង់ទន្ទឹមគ្នានឹងអគារខុនដូ ឌឺផ្លរ៉ាស្វីត (The Flora Suites ) ដែលមានកម្ពស់ ៣៦ជាន់ មានទីតាំងនៅតំបន់ដ៍មានសក្តានុពលល្អបំផុត (ម្តុំផ្សារបឹងកេងកង) ក្បែរវិទ្យាល័យជាស៊ីមបឹងកេងកង ក្នុងភូមិសាស្ត្រនៃសង្កាត់បឹងកេងកង១ ខ័ណ្ឌចំកាមន។ មឺខ្យួរ ហូថែល (MERCURE HOTEL) ជាសណ្ឋាគារកម្រិតផ្កាយ៤មួយ ក្នុងចំណោមសណ្ឋាគារទាំង ៥៣០០កន្លែង នៃ ៤៥ប្រេន នៅក្នុង ១១០ប្រទេស របស់ Accor Group។ សំរាប់ MERCURE HOTEL PHNOM PENH មានជាង ២០០បន្ទប់ ដែលមានរួមបញ្ចូលនូវសាលសន្និសិទ្ធដ៏ធំទូលាយ (MULTI- PURPOSE HALL) – ភោជនីយ៏ដ្ឋានដ៏ប្រណិត (OMAKASE/VIP PARTY ROOM), ហាងកាហ្វេ ក្លឹបហាត់ប្រាណ ស្ប៉ា សូណា បណ្ណាល័យ អាងហែលទឹក សួនកុមារ ឧទ្យានបៃតង ចំណតរថយន្ត និងចំណតម៉ូតូដ៏ធំទូលាយ។
លោកឧកញ៉ា លឹម កុកឡុង ក៏បានបញ្ជាក់បន្ថែមផងដែរថា វត្តមាន THE MERCURE HOTEL PHNOM PENH គឺជាការចូលរួមចំណែកអភិវឌ្ឍជាតិ ផ្តល់ការងារ និងអភិវឌ្ឍធនធានមនុស្ស ដែលស្របជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និតិកាលទី៧ ដែលដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
សំរាប់លោកឧកញ៉ា លឹម កុកឡុង អ្វីដែលជាចំណុចពិសេស សណ្ឋាគារ មឺខ្យួរហូថែល (MERCURE HOTEL PHNOM PENH) និង ខុនដូ ឌឺផ្លរ៉ាស្វីត (THE FLORA SUITES) គឺជាអគារពីរទន្ទឹមគ្នា ដែលមានកំពស់ប្រដំប្រសងគ្នា ហើយបំពេញអោយគ្នាទៅវិញទៅមក នាពេលអនាគត។ បានន័យថា រាល់អតិថិជនដែលស្នាក់ ឬបំពេញការងារនៅខុនដូ ឌឺផ្ល័រ៉ាស្វីត ប្រសិនមានតម្រូវការ ផ្នែកបដិសណ្ឋារកិច្ច ឬចង់បានម្ហូបអាហារ ភេសជ្ជះ ឬសេវាកម្មផ្សេងៗទៀត គឺអាចទំនាក់ទំនង ឬកម្ម៉ង់បានពីក្នុងសណ្ឋាគារ មឺខ្យួរភ្នំពេញនេះ ជាមួយសេវ៉ាកម្មលឿនរហ័សទាន់ចិត្ត និងទំនុកចិត្ត ដោយមិនបាច់ចំណាយពេលចេញក្រៅនោះឡើយ៕
..អំពីក្រុមហ៊ុន THE FLORA :
-បានបោះទុន វិនិយោគ នៅក្នុងប្រទេសកម្ពុជា ជាង១០ឆ្នាំមកហើយ។ ក្រុមហ៊ុននេះមានបទពិសោធន៍លើការអភិវឌ្ឍវិស័យអចលនទ្រព្យ ទទួលបានភាពជោគជ័យខ្លាំង ចំនួន៣គំរោងរួចមកហើយ ពិសេសគម្រោងបុរីដ៏ធំមួយ ដែលមានឈ្មោះថា ( បុរី ឌឹផ្លរ៉ា) ( THE FLORA) លាតសន្ធឹង នៅលើផ្ទៃដីប្រមាណ ២០០ហិចតា មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ៦អា ខណ្ឌជ្រោយចង្វារ។
-ជាមួយបទពិសោធន៍ និងភាពជោគជ័យក្នុងវិស័យអចលនទ្រព្យជាច្រើនឆ្នាំ គួបផ្សំនឹងកត្តាធនធាន ក៏ដូចជាទំនុកចិត្ត និងភាពជឿជាក់ ពីសំណាក់អតិថិជន ពិសេសមើលឃើញពីសន្ទុះនៃការងើបឡើងវិញនៃវិស័យអចលនទ្រព្យ និងវិស័យបដិសណ្ឋារកិច្ចនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន THE FLORA ក៏បានចាប់ដៃគូជាមួយ ACCOR Group ដើម្បីបើកដំណើរការការដ្ឋានបុកគ្រឹះសាងសង់ជាផ្លូវការ សណ្ឋាគារអន្តរជាតិ MERCURE HOTEL PHNOM PENH កម្រិតផ្កាយ៤ មានកំពស់ ៣៦ជាន់ ក្នុងសង្កាត់បឹងកេងកង១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ នាពេលនេះ។
– ក្រៅពីមានបទពិសោធន៍ដ៏ជោគជ័យ នៅក្នុងអចលនទ្រព្យ និងបដិសណ្ឋារកិច្ច The Flora ក៏ជាតំណាងចែកចាយរថយន្តBYD ផងដែរ ដែលមានចំនួន ២សាខា ក្នុងនោះសាខា ទី១ស្ថិត នៅលើមហាវិថីព្រះមុន្នីវង្ស និងសាខាទី២ នៅខ័ណ្ឌច្បារអំពៅ៕