លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា វត្តមានរបស់រោងចក្រកង់ឡានចំនួន៣នៅកម្ពុជា អាចស្រូបយកជ័រកៅស៊ូកម្ពុជាក្នុងរង្វង់ប្រហែល១៥ម៉ឺនតោន ទៅ២០ម៉ឺនតោន ក្នុងមួយឆ្នាំ។
តាមរយៈវីដេអូចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ឃុន កក្កដា បានបញ្ជាក់ថា «ទូទាំងប្រទេសយើងមានផ្ទៃដីដាំកៅស៊ូរហូតដល់ជាង៤០ម៉ឺនហិកតា ក្នុងនោះ យើងមានផ្ទៃដីចៀជ័រហូតដល់ទៅ៨០%»។
លោកបន្តថា «ចំពោះការប្រើប្រាស់ជ័រកៅស៊ូវិញ កាលពីមុនយើងអត់មានរោងចក្រយកជ័រកៅស៊ូទៅកែច្នៃជារបស់ប្រើប្រាស់ ដូចជាកង់ឡាន ស្បែកជើង នោះទេ តែឥឡូវយើងមានវត្តមានរបស់រោងចក្រកង់ឡានចំនួន៣មកហើយ អាចស្រូបយកជ័រកៅស៊ូកម្ពុជាក្នុងរង្វង់ប្រហែល១៥ម៉ឺនតោន ទៅ២០ម៉ឺនតោន ក្នុងមួយឆ្នាំ»។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ រួមមាន៖១, ក្រុមហ៊ុន CART TIRE CO.,LTD នៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ (ខេត្ដស្វាយរៀង) បានដំណើរការនៅឆ្នាំ២០២១ លើទំហំផ្ទៃដី ៥០ហិកតា ក្រោមទុនវិនិយោគ ៧៨៧លានដុល្លារ។ ២, ក្រុមហ៊ុន GENERAL TIRES TECHNOLOGY (CAMBODIA) CO.,LTD នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (ខេត្ដព្រះសីហនុ) បានដំណើរការ នៅឆ្នាំ២០២២ លើទំហំផ្ទៃដី២០ហិកតា ក្រោមទុនវិនិយោគ២៩៧លានដុល្លារ។ ៣, រោងចក្រផលិតសំបកកង់រថយន្ដ ក្រុមហ៊ុន NEWBUSTAR (Cambodia) នៅតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ តម្លៃជាង១៣៨លានដុល្លារ ដែលបានបើកដំណើរការកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។
គួរឱ្យដឹងផងដែរថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤នេះ កម្ពុជាសម្រេចបានការនាំចេញកៅស៊ូចំនួន ២៤៨ ៥៣៥តោន កើនឡើងចំនួន ១ ៣១៦តោន ស្មើនឹង ៣,៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រៅពីកំណើននៃការលក់ជ័រកៅស៊ូ តម្លៃជ័រកៅស៊ូក៏បានកើនឡើងគួរឱ្យកត់សម្គាល់ដែរ។ តម្លៃលក់ជ័រកៅស៊ូជាមធ្យមនៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤នេះ ថ្លៃ ១ ៥៨៦ដុល្លារ/តោន កើនឡើង ២១៥ដុល្លារ/តោន ស្មើនឹង ១៥,៧២ភាគរយ បើធៀបនឹងឆ្នាំមុន៕