ស្ថាប័ពាក់ព័ន្ធ បានរួមគ្នារៀបចំសន្និសីទអន្តរជាតិកម្ពុជាក្នុងសម័យអានិគមបារាំង ដើម្បីបង្រៀន និងដាស់តឿនតម្រង់ទិសយុវជនជំនាន់ក្រោយ ឱ្យចេះថែរក្សានិងចេះស្រឡាញ់ជាតិក្នុងនាមជាប្រជាជាតិមួយដែលមានប្រវត្តិសាស្ត្រយូរលង់ និងមានវប្បធម៌អរិយធម៌រុងរឿងកន្លងមក។
ថ្លែងក្នុងកម្មវិធីបើក សន្និសីទអន្តរជាតិស្ដីពីប្រវត្តិសាស្ត្រកម្ពុជាក្នុងសម័យអាណានិគមបារាំង កាលព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាឆ្លងកាត់នូវប្រវត្តិសាស្ត្រសង្គ្រាមជូរចត់និងជម្លោះផ្ទៃក្នុងអស់រយៈកាលជាង ៥០០ ឆ្នាំ ហើយកម្ពុជាទើបទទួលបានសន្តិភាពពេញលេញនៅឆ្នាំ ១៩៩៨។
លោកបន្តថា ឯកសារប្រវត្តិសាស្ត្រជាច្រើនត្រូវបានបំផ្លាញបាត់បង់ដោយសារសង្គ្រាមនិងជម្លោះផ្ទៃក្នុងរ៉ាំរ៉ៃហើយជាច្រើនសតវត្សមកការស្រាវជ្រាវ និងសរសេរប្រវត្តិសាស្ត្រកម្ពុជា នៅមានកម្រិតដែលធ្វើឱ្យខ្មែរសឹងតែបាត់នៅព្រលឹងជាតិ និងអាចធ្វើមានការភាន់ច្រឡំនៃប្រវត្តិសាស្ត្រជាដើម។
ហេតុនេះ លោកថា រាជរដ្ឋាភិបាលនីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត ក៏ដូចជារាជរដ្ឋាភិបាលមុនៗ តែងបានយកចិត្តទុកដាក់លើកទឹកចិត្តនិងណែនាំឱ្យមានការស្រាវជ្រាវនិងចងក្រងប្រវត្តិសាស្រ្តជាតិឱ្យបានស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ ដើម្បីទុកឱ្យកូនខ្មែរជំនាន់ក្រោយបានសិក្សាស្រាវជ្រាវស្វែងយល់ឱ្យបានទូលំទូលាយអំពីប្រវត្តិសាស្ត្ររបស់ខ្លួន។
បន្ថែមពីនេះ លោកក៏បានវាយតម្លៃខ្ពស់ជូនចំពោះរាជបណ្ឌិតសភាកម្ពុជាដែលបានបង្កើតក្រុមការងារប្រវត្តិសាស្ត្រកម្ពុជា ដោយមានសមាសភាពចម្រុះមកពីស្ថាប័នជំនាញដែលពាក់ព័ន្ធជាច្រើន សំដៅបង្កើតឯកសារប្រវត្តិសាស្ត្រមួយដែលមាន ៥ សម័យកាលគឺ៖ សម័យបុរេប្រវត្តិ សម័យមុនអង្គរសម័យអង្គរ សម័យក្រោយអង្គរ និងសម័យទំនើបទំនើប ដែលនឹងលិចរូបរាងឡើងពីស្នាដៃនិងអ្នកស្រាវជ្រាវរបស់ខ្មែរយើងពិតប្រាកដ។
គូបញ្ជាក់ផងដែរថា សន្និសីទអន្តរជាតិស្ដីពីប្រវត្តិសាស្ត្រកម្ពុជាក្នុងសម័យអាណានិគមបារាំង បានធ្វើឡើងរយៈពេល ២ ចាប់ពីថ្ងៃទី ៧- ៨ ខែវិច្ឆិកាឆ្នាំ ២០២៤ ដែលមានការចូលរួមវាគ្មិនល្បីៗជាតិនិងអន្តរជាតិ ពីប្រទេសចំនួន ៥រួមមាន៖ អាមេរិក រុស្ស៊ី អូស្ត្រាលី បារាំង និង ឡាវ ដោយបានលើកយកប្រធានបទមកជជែកវែកញែកស៊ីជម្រៅជុំវិញបញ្ហាកម្ពុជានាសម័យបារាំងដែលរៀបចំដោយរាជបណ្ឌិតសភាកម្ពុជា។
យ៉ាងណាមិញ តាមរយៈសន្និសីទអន្តរជាតិនេះ ស្ថាប័នពាក់ព័ន្ធ ជឿជាក់ថាសន្និសីទនេះ នឹងក្លាយជាសក្ខីភាពមួយចំពោះការប្ដេជ្ញាចិត្តដល់ភ្ជាប់ខ្ជួនរបស់យើងចំពោះប្រវត្តិសាស្រ្តការរៀនសូត្រនិងការរីកចម្រើនជានិរន្ត ព្រមទាំងជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យឃើញនៅកាឡានុវត្តភាពបញ្ហាប្រឈម និងទស្សនវិស័យសម្រាប់ជាគំនិតសម្រាប់ជាប្រយោជន៍ជាតិយើងទាំងមូល៕