ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ( GMS) បានប្តេជ្ញារួមគ្នាពង្រីក និងពង្រឹងការអភិវឌ្ឍប្រទេសមហាអនុតំបន់មេគង្គប្រកបដោយនិរន្តរភាពនិងភាពជឿនលឿនបន្ថែមទៀត ដើម្បីធានាសេដ្ឋកិច្ចនៅក្នុងតំបន់។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ រៀបចំនៅទីក្រុងគុនមិញ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំកំពូល GMS ធ្វើឡើងក្រោមមូលបទ “ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរឡើង តាម រយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍”។ តាមរយៈកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការពង្រីក និងពង្រឹងកិច្ចខិតខំប្រឹងប្រែង រួមគ្នាឱ្យកាន់តែស៊ីជម្រៅ ដើម្បីបន្តការអភិវឌ្ឍប្រទេសមហាអនុតំបន់មេគង្គប្រកបដោយនិរន្តរភាព និងភាពជឿនលឿន និងធ្វើឱ្យមហាអនុតំបន់មេគង្គកាន់តែមានសមាហរណកម្ម វិបុលភាព ប្រកបដោយចីរភាព និងបរិយាបន្ន។
បន្ថែមពីនេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ ក៏បានកត់សម្គាល់ដោយការពេញចិត្តចំពោះ វឌ្ឍនភាពជាច្រើនក្នុងការអនុវត្តកម្មវិធីយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងក្របខ័ណ្ឌ មហាអនុតំបន់មេគង្គឆ្នាំ២០៣០ ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ ដែលកម្ពុជាបានរៀបចំតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ជាពិសេសលើ វិស័យកសិកម្ម ថាមពល បរិស្ថាន សុខាភិបាល ទេសចរណ៍ ដឹកជញ្ជូន ពាណិជ្ជកម្ម និងការវិនិយោគ។
នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសុន្ទរកថា បញ្ជាក់អំពីបញ្ហា ប្រឈមសកលដែលមានលក្ខណៈស្មុគស្មាញក្នុងអនុតំបន់មេគង្គ រួមមាន៖ ភាពមិនប្រាកដប្រជានៃ សេដ្ឋកិច្ចសកល ការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយ ការគំរាមកំហែងដល់ពាណិជ្ជ កម្មសេរី និងហានិភ័យទាក់ទងនឹងអាកាសធាតុ ព្រមទាំងបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីឆ្លើយតបភាពប្រឈមទាំងអស់នេះ។
សម្តេចធិបតី បានកោតសរសើរដល់កិច្ចខិតខំ ប្រឹងប្រែងរបស់បណ្តាប្រទេសអនុតំបន់ទាំងអស់ក្នុងការបញ្ចប់ការរៀបចំយុទ្ធសាស្ត្រស្តីពីនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍមហាអនុតំបន់មេគង្គឆ្នាំ២០៣០ ដែលជាចំណុចស្នូលក្នុងការសម្រេចបាននូវ ចក្ខុវិស័យនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងមហាអនុតំបន់មេគង្គឆ្នាំ២០៣០។
យ៉ាងណាមិញ ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី ក៏បានរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទទួលយក បដិវត្តន៍ឌីជីថល ដើម្បីសម្រេចបាននូវគោលដៅនៃការកសាងរដ្ឋាភិបាល និងសង្គមឌីជីថល ដូចដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលផងដែរ៕ អទ្ថបទ៖ ហ្សាលីន