ក្រុមហ៊ុនធំៗចំនួន៧ ចង់បោះទុនវិនិយោគថ្មី និងពង្រីកការវិនិយោគបន្ថែមលើវិស័យអាទិភាពនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានឱ្យដឹងថា មានក្រុមហ៊ុនធំៗចំនួន៧ បានបង្ហាញពីបំណងរបស់ខ្លួនដោយចង់បោះទុនវិនិយោគថ្មី និងពង្រីកការវិនិយោគបន្ថែមលើវិស័យអាទិភាពនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់បណ្តារក្រុមហ៊ុនទាំង៧នេះ បានធ្វើឡើងក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល GMS លើក ទី៨ កិច្ចប្រជុំកំពូល ACMECS លើកទី១០ និងកិច្ចប្រជុំកំពូល CLMV លើកទី១១ ទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន ចាប់ពីថ្ងៃទី៥-៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានឱ្យថា បេសកកម្មរយៈពេល៣ថ្ងៃនៅប្រទេសចិននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រៅពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្តេចក៏មានជំនួបទ្វេភាគីជាមួយ ប្រមុខដឹកនាំប្រទេសចំនួន ២ ជំនួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តយូណាន ជំនួបសម្តែងការគួរសម ជាមួយប្រធានក្រុមហ៊ុនបរទេសធំៗចំនួន ៧ និងពិធីសំណេះសំណាលជាមួយនិស្សិតនៃសមាគមនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅខេត្តយូណាន ប្រទេសចិន។

ពាក់ព័ន្ធក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានឱ្យដឹងថា ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលទាំង៣ខាងលើ សម្តេចធិបតី បានអនុញ្ញាត ឱ្យប្រធានក្រុមហ៊ុន និងធុរជនបរទេសជួបសម្តែងការគួរសមជាបន្តបន្ទាប់ ក្នុងគោលបំណងទាក់ទាញការវិនិយោគ បន្ថែមនៅកម្ពុជាដោយក្នុងនោះមានក្រុមហ៊ុនធំៗចំនួន៧ រួមមាន៖

.ក្រុមហ៊ុន Zhengzhou chen’s sun ២.ក្រុមហ៊ុន ZhongJiao Tongli ៣.ក្រុមហ៊ុន Guoxing Group Companies ៤.ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ៥.ក្រុមហ៊ុន Ju Wang Footwear Co., Ltd and Juhuiland Co., Ltd ៦.ក្រុមហ៊ុន Yunnan Investment Group និង.ក្រុមហ៊ុន Sailun Group។

បើតាមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានអះអាងថា ក្នុងនោះក្រុមហ៊ុន និងធុរជនបរទេសដែលបានជួបសម្តែងការគួរសមជាមួយ សម្តេចធិបតី សុទ្ធតែបានបង្ហាញពីបំណងបោះទុនវិនិយោគថ្មី និងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ពិសេសវិស័យកសិកម្ម កសិ-ឧស្សាហកម្ម វាយនភណ្ឌ សួនឧស្សាហកម្មនិងរោងចក្រ ទេសចរណ៍ ថាមពលស្អាត ដំណាំកៅស៊ូ ដំឡូងមី ធុរេន ចេក ស្វាយ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រកែច្នៃផលិតផលកៅស៊ូ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបានធានានូវបរិយាកាសវិនិយោគមួយប្រកបដោយស្ថិរភាព និងអនុគ្រោះសម្រាប់ វិនិយោគិននៅកម្ពុជា៕ អត្ថបទ៖ ហ្សាលីន