នាព្រឹកថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភាបានបើកសម័យប្រជុំលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក-សមាជិកា ចំនួន ១០៩ រូប បានចូលរួម ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈចំនួនពីរ។

ក្នុងចំណោមរបៀបវារៈខាងលើ របៀបវារៈទី២ គឺជាការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ដែលមានចំនួន ៤មាត្រា។

តាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នាព្រឹកថ្ងៃសុក្រនេះ បានឱ្យដឹងថា គោលបំណងដែលកម្ពុជាបង្កើតនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដោយមើលឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតក្នុងរយៈពេល ២៥ឆ្នាំកន្លងមក ក្រោមកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានធ្វើឱ្យប្រទេសទាំងបីឈានដល់ការសម្រេចគោលដៅជាតិ និងព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជននៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។
ផ្នែកលើសមិទ្ធផលកន្លងមកដូចបានគូសបញ្ជាក់ខាងលើ និងបន្ទាប់ពីពិចារណា និងវាយតម្លៃដោយហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ រាជរដ្ឋាភិបាលបានសន្និដ្ឋានថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានឈានដល់គោលដៅរបស់ខ្លួន និងជឿជាក់ថា ប្រទេសនីមួយៗមានសមត្ថភាពពេញលេញក្នុងការបន្ត និងធានាបាននូវការអភិវឌ្ឍន៍ប្រទេសរៀងៗខ្លួន៕




