លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាដល់ភាគីពាក់ព័ន្ធទាំងអស់ត្រៀមការពារសន្ដិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលនឹងដើរលេងកម្សាន្ដក្នុងឱកាសព្រះរាជពិធីបុណ្យអុំទុក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកឆ្នាំ២០២៤ ដែលនឹងរៀបចំនៅ៦ថ្ងៃខាងមុខ ពោលគឺថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការចេញបញ្ជារបស់លោក ឃួង ស្រេង ធ្វើឡើងនៅក្នុងឱកាសនៃការបើកអង្គប្រជុំស្ដីពីការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់តុបតែងលម្អរាជធានីភ្នំពេញក្នុងព្រះរាជពិធីបុណ្យអុំទូក នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
នាឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងថា «ក្នុងនាមជាម្ចាស់ផ្ទះ យើងត្រូវគិតគូឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងការគ្រប់គ្រងកម្លាំង ការងារសង្គ្រោះបន្ទាន់ បង្កើតទីបញ្ជាការស្រាលក្នុងកិច្ចប្រតិបត្តិការណ៍ ការពារសន្តិសុខ សុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យអុំទូក ទប់ស្កាត់ការលំហូរចរាចរណ៍ ចំពោះរថយន្តមួយចំនួនចូលមកក្នុងរាជធានី ទប់ស្កាត់ ជនអាណាថា ចោរលូក ហោប៉ៅជាដើមនិងការបង្ការទប់ស្កាត់ហានិភ័យនៃគ្រោះអគ្គីភ័យ និងការគិតគូពីអនាម័យបរិស្ថាន»។
លោកបានបន្ដថា នៅក្នុងរាជពិធីបុណ្យអុំទូកឆ្នាំនេះ ទាំងខាងក្នុងនិងក្រៅព្រះរាជពិធី កម្លាំងសមត្ថកិច្ចត្រូវតែធានាឱ្យបាន សន្តិសុខ សុវត្ថិភាព១០០% ថ្វាយព្រះមហាក្សត្រ,ជូនថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិនិងប្រជាពលរដ្ឋដែលចូលមកដើរលេងកំសាន្ត។ បន្ថែមពីនោះ ទាំងកងកម្លាំងនិងសម្ភារៈផ្សេងៗ បើខ្វះខាតត្រូវរាយការណ៍ភ្លាម ដើម្បីយើងបានដោះស្រាយទាន់សភាពការណ៍ ធ្វើយ៉ាងណាឱ្យព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ដំណើរការទៅដោយរលូននិងទទួលបានជោគជ័យ។
សូមជម្រាបជូនផងដែរថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចំនួន ០៣ថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានទីតាំងនៅតាមដងទន្លេសាប ចាប់ពីស្ពានជ្រោយចង្វារ ដល់កោះពេជ្រ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕







