គម្រោងសួនឧស្សាហកម្មវាយនភណ្ឌបៃតងលំដាប់ជាតិកម្ពុជា បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ថ្លែងក្នុងពិធីបើកការដ្ឋាន លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សួនឧស្សាហកម្មវាយនភណ្ឌនៅខេត្តកំពង់ស្ពឺបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពដល់ប្រជាពលរដ្ឋប្រមាណពី៥ម៉ឺន ទៅ៦ម៉ឺននាក់។
លោកបន្តថា បច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រសរុបចំនួន ៤៤៣កន្លែង មានកម្មករ កម្មការិនីសរុបជាង ១៧ម៉ឺននាក់ កំពុងធ្វើការ។ ជាមួយនឹងកំណើនរោងចក្រសហគ្រាសនេះ ខេត្តកំពង់ស្ពឺក៏បាននិងកំពុងជួបនូវកង្វះកម្លាំងពលកម្មប្រមាណជាងមួយម៉ឺននាក់ផងដែរ។
គួរឱ្យដឹងថា គម្រោងសួនឧស្សាហកម្មវាយនភណ្ឌបៃតងលំដាប់ជាតិកម្ពុជា ទទួលបានការវិនិយោគ សហការណ៍ជាមួយក្រុមហ៊ុនពាក់ព័ន្ធជាច្រើន ព្រមទាំងមានកិត្តិយសទទួលបានការគាំទ្រពីសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា(EPIAC) សមាគមនវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងកាបូបកម្ពុជា (TAFTAC) និងសមាគមវាយនភណ្ឌចិននៅកម្ពុជា (CTAC)។ គម្រោងនេះ មានតម្លៃប្រមាណជាង៥លានដុល្លារអាមេរិក។
ការបោះទីតាំងវិនិយោគរបស់ក្រុមហ៊ុនសួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជានៅក្នុងខេត្តកំពង់ស្ពឺ គឺជាការសម្រេចយុទ្ធសាស្ត្រមួយក្នុងការវិនិយោគលើគម្រោងឧស្សាហកម្ម ដោយផ្តោតលើការបង្កើតឱ្យបានសួនឧស្សាហកម្មវាយនភណ្ឌលំដាប់ជាតិ និងការអភិវឌ្ឍន៍ដែលផ្តល់ឱកាសឱ្យកម្ពុជាក្លាយជាមូលដ្ឋានផលិតកម្ម និងទីតាំងផ្គត់ផ្គង់ដ៏សំខាន់លើឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងអេឡិចកញប្លាតីងស្បែកក្នុងតំបន់អាស៊ាន៕