ប្រធាន ERIA ប្ដេជ្ញាបន្តធ្វើជាដៃគូដ៏ល្អជាមួយរដ្ឋាភិបាល ដើម្បីជួយកម្ពុជាឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០

សង្គម​ និង​សេដ្ឋកិច្ច

ប្រធានវិទ្យាស្ថាន ERIA ប្ដេជ្ញាបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចដើម្បីរួមចំណែកជួយកម្ពុជាឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងជំនួប ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨​ ខែវិច្ចិកា​ ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និង អាស៊ីបូព៌ា (ERIA) បានវាយតម្លៃខ្ពស់ចំពោះការបន្តវិវឌ្ឍរីកចម្រើន នៅកម្ពុជា ព្រមទាំងបានបង្ហាញនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី កម្ពុជានឹងបន្តអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត។

លោកប្រធានវិទ្យាស្ថាន ក៏បានប្ដេជ្ញាចិត្តក្នុងការបន្តភាពជាដៃគូដ៏ល្អប្រសើរជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា និងបំណងជួយសម្របសម្រួលក្នុងការភ្ជាប់ទំនាក់ទំនងរវាងវិនិយោគគិនបរទេស ជាមួយនឹងប្រទេសកម្ពុជា ដែលមានសក្តានុពលច្រើន។

ជាការឆ្លើយតប សម្ដេចធិបតី បានសង្កត់ធ្ងន់ថា អាទិភាពរបស់រាជរដ្ឋាភិបាល ផ្តោតលើការធ្វើសមាហរណកម្មកម្ពុជាទៅតំបន់និងពិភពលោក តាមរយៈការធ្វើពិពិធកម្មពាណិជ្ជកម្ម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ពង្រឹងមូលធនមនុស្ស និងធ្វើឱ្យប្រសើរឡើងថែមទៀតនូវបរិយាកាសវិនិយោគនៅកម្ពុជា។

សូមបញ្ជាក់ថា កម្ពុជា មានចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

យ៉ាងណាមិញ តាមរយៈជំនួបខាងលើ សម្ដេចធិបតីក៏បានស្វាគមន៍បំណងរបស់វិទ្យាស្ថានក្នុងការសម្របសម្រួលនិងភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនបរទេស ជាមួយប្រទេសកម្ពុជា ព្រមទាំងលើកទឹកចិត្តលោកប្រធានវិទ្យាស្ថាន បន្តកិច្ចសន្ទនា និងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ ហ្សាលីន