រហូតមកដល់បច្ចុប្បន្ននេះផ្សារមូលបត្រកម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន ២៧ ក្រុមហ៊ុន ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិនិងមូលបត្របំណុល សម្រាប់ធ្វើការជួញដូរលើទីផ្សារហិរញ្ញវត្ថុកម្ពុជា។ក្នុងនោះក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិមានចំនួន ១១ និងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលមានចំនួន ១៦។ ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃមានប្រមាណ ២០ ម៉ឺនដុល្លារ ខណៈចំនួនគណនីជួញដូរមានជិត ៦ ម៉ឺនគណនី។នេះបើតាមការឱ្យដឹងរបស់លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលផ្សារមូលបត្រកម្ពុជា។
ក្នុងឱកាសទទួលជួបគណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការគោលនយោបាយជាតិ នៃរដ្ឋសភាសាធារណៈរដ្ឋកូរ៉េ គណៈកម្មការសេវាហិរញ្ញវត្ថុ និងផ្សារមូលបត្រកូរ៉េ កាលពីថ្ងៃទី៧ខែវិច្ឆិកា លោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជម្រាបភាគីកូរ៉េថា៖ ទីផ្សារមូលបត្រកម្ពុជានៅក្មេងខ្ចី ទើបតែចាប់ផ្តើមដំណើរការបានជាង ១០ ឆ្នាំ ខណៈទំហំជួញដូរជាមធ្យមប្រចាំថ្ងៃមានប្រមាណ ២០ ម៉ឺនដុល្លារ ដែលទំហំនេះនៅតិចតួចបើធៀបជាមួយផ្សារមូលបត្រប្រទេសនៅក្នុងតំបន់។
លោកបានបន្ថែមថាៈទោះយ៉ាងណាក៏ដោយតាមរយៈការជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាល កិច្ចខិតខំប្រឹងប្រែងគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យមូលបត្រ និងកិច្ចសហប្រតិបត្តិការល្អជាមួយផ្សារមូលបត្រនានា ជាពិសេសផ្សារមូលបត្រកូរ៉េ ដែលជាដៃគូសហប្រតិបត្តិការ លោក មានសុទិដ្ឋិនិយមថា ទីផ្សារមូលបត្រកម្ពុជានឹងរកឃើញនូវកត្តាគន្លឹះថ្មីៗដើម្បីជំរុញសន្ទុះរីកចម្រើនកាន់តែខ្លាំងក្លា និងប្រកបដោយចីរភាព។
លោក ហ៊ាន សាហ៊ីប ក៏បានជម្រាបប្រតិភូកូរ៉េពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់វិនិយោគិនក្នុងស្រុក និងក្រៅស្រុកជាពិសេសពាក់ព័ន្ធពន្ធដារ និងការលើកទឹកចិត្តផ្សេងៗទៀត ដើម្បីជំរុញលើកទឹកចិត្តវិនិយោគិនមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា៕