លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Erkki Maillard ទីប្រឹក្សាការទូតរបស់អគ្គិសនីបារាំង (Electricité de France_EDF) និងក្រុមប្រឹក្សាប្រតិបត្តិមួយចំនួនទៀតរបស់ EDF កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្ដាលនាក្រុងបារីស។
នៅក្នុងជំនួបពិភាក្សាការងារខាងលើ គឺដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរួមគ្នាកម្ពុជា-បារាំងក្នុងវិស័យថាមពល។
បន្ថែមពីនេះ អង្គប្រជុំក៏បានផ្លាស់ប្ដូរយោបល់លើកិច្ចសហប្រតិបត្តិការដែលកម្ពុជា និងបារាំងអាចរៀបចំឡើងក្នុងក្របខណ្ឌវិស័យថាមពល។
ឆ្លៀតក្នុងឱកាសនោះ អគ្គិសនីបារាំង ក៏បានលើកឡើងអំពីចំណាប់អារម្មណ៍របស់ខ្លួនលើវិស័យពាក់ព័ន្ធនឹងកាផ្គត់ផ្គង់ថាមពល និងថាមពលស្អាតនៅកម្ពុជា ខណៈខ្លួនក៏បានស្នើសុំឱ្យមានការណែនាំពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអំពីបច្ចុប្បន្នភាពបរិយាកាសលើវិស័យនេះផងដែរ។
គួរឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ធ្លាប់បានលើកឡើងថា ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលក៏កំពុងខិតខំក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនលើវិស័យថាមពល ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាមានថាមពលពីប្រភពស្អាតកាន់តែច្រើន ក្នុងន័យធានាថា វិស័យថាមពលនៅកម្ពុជា គឺ មានប្រភពផ្គត់ផ្គង់គ្រប់គ្រាន់, មានតម្លៃសមរម្យ, ថាមពលមានស្ថិរភាព, មានសមធម៌។
ជាមួយគ្នានេះ កម្ពុជាក៏មានច្បាប់វិនិយោគ ក្នុងការផ្ដល់ការអនុគ្រោះ និងលើកទឹកចិត្តដល់សកម្មភាពវិនិយោគក្នុងវិស័យនេះ ហើយសន្តិសុខថាមពលក៏ជាអាទិភាពមួយ ដែលជានិន្នាការរបស់ពិភពលោក ឆ្ពោះទៅកាន់អព្យាក្រឹត្យកាបូននៅថ្ងៃអនាគត៕