ប្រតិភូកម្ពុជា ក្រោមការដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជំរុញអ្នកធុរកិច្ចឆែកមកបោះទុនវិនិយោគលើវិស័យអេឡិចត្រូនិក អាហារ និងទេសចរណ៍នៅកម្ពុជានាពេលខាងមុខ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទ្វេភាគី។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជំរុញ និងស្នើបែបនេះ ក្នុងឱកាសជួបពិភាក្សាតុមូលជាមួយ អ្នកតំណាងសមាគមធុរកិច្ច និងដៃគូសហប្រតិបត្តិការអភិវឌ្ឍន៍ នៅទីស្ដីការក្រសួងការបរទេសនៃសាធារណរដ្ឋឆែក កាលពីរសៀលថ្ងៃព្រហស្បត្តិ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណចំពោះក្រសួងការបរទេសនៃសាធារណរដ្ឋឆែក ដែលបានទទួលគណៈប្រតិភូកម្ពុជាបានប្រកបដោយភាពកក់ក្ដៅ ខណៈលោកក៏ជម្រាប់ជូនអំពីធនធានមនុស្សកម្ពុជា ដែលមានយុវជនវ័យក្មេងច្រើនជាងប្រទេសផ្សេងទៀតក្នុងតំបន់នឹងអាចចូលរួមយ៉ាងពេញទំហឹងក្នុងផលិតកម្មការងារ។
ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា កម្ពុជាមានចក្ខុវិស័យក្នុងការប្រែក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ហេតុនេះក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តទៅកាន់សាធារណរដ្ឋឆែក និងតាមរយៈក្រសួងការបរទេសផ្ទាល់ ចូលរួមជួយជំរុញឱ្យវិនិយោគិនឆែកពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ពិសេសលើវិស័យអេឡិចត្រូនិក អាហារ និងទេសចរណ៍ជាដើម។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC) រដ្ឋាភិបាលកម្ពុជា បានអនុម័តច្បាប់ស្ដីពីវិនិយោគកាលពីឆ្នាំ២០២១ បើកលទ្ធភាពយ៉ាងល្អប្រសើរជូនវិនិយោគិនអាចទទួលបានការលើកទឹកចិត្តលើគម្រោងមានសក្ដានុពលមួយចំនួន ក្រោមការសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល។ ជាងនេះទៀត យន្តការរដ្ឋាភិបាល និងវិស័យឯកជន ព្រមទាំងយន្តការតាមដាន និងសម្របសម្រួលនានាត្រូវបានដាក់ចេញ ដើម្បីថែទាំវិនិយោគិនដែលបាននិងកំពុងបណ្ដាក់ទុននៅកម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានអះអាងទៀតថា នាពេលឆាប់ៗខាងមុខនេះ CDC គឺគ្រោងនឹងដាក់ចេញជាសាធារណៈនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលនឹងចូលរួមធានាតម្លាភាព ប្រសិទ្ធភាព និងផ្ដល់ងាយស្រួលដល់កិច្ចការងារវិនិយោគជូនគ្រប់ភាគីពាក់ព័ន្ធ ពិសេសអ្នកធុរកិច្ចអន្តរជាតិដែលចង់មកវិនិយោគនៅកម្ពុជា៕ អត្ថបទ៖ ហ្សាលីន



