បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ រយៈពេល ១០ខែ ដើមឆ្នាំ២០២៤នេះ កើនឡើងជិត២០% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។នេះបើតាមរបាយការណ៍កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។
កំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងថា រយៈពេល ១០ ខែ ដើមឆ្នាំ២០២៤ បរិមាណកុងតឺន័រមានចំនួន ៤០១ ២៥១ TEUs កើន ១៩,៧៨% ធៀបរយៈពេល ១០ ខែ ដើមឆ្នាំ២០២៣។
ដោយឡែកបើគិតសម្រាប់ខែ តុលា ឆ្នាំ២០២៤ បរិមាណកុងតឺន័រឆ្លងកាត់ មានចំនួន ៣៥ ២៦៤ TEUs កើន១៧,៧៥% ធៀបនឹងខែ តុលា ឆ្នាំ២០២៣។
គួរឱ្យដឹងថា ផ្អែកតាមស្ថានភាពកន្លងមក និងការព្យាករទៅមុខទៀត កំពង់ផែស្វយ័តភ្នំពេញរំពឹងថាបរិមាណកុងតឺនឺរនឹងមានការកើនឡើង ស្របពេលកំពង់ផែក៏មានផែនការពង្រីកចំណតផែនៅជំហានបន្តបន្ទាប់ ដើម្បីឆ្លើយតបឱ្យបានសមស្រប ដល់អតិថិជន។
សូមបញ្ជាក់ផងដែរថា កំពង់ផែស្វយ័តភ្នំពេញត្រូវបានព្យាករថា គិតត្រឹមឆ្នាំ២០៣០ បរិមាណអ្នកដំណើរមានប្រមាណ ៥៥០ពាន់នាក់ ក្នុងមួយឆ្នាំ ចំណែកឯទំនិញមានប្រហែល ១០លានតោន ក្នុងមួយឆ្នាំ (ក្នុងនោះ ៨១% ជាទំនិញពាណិជ្ជកម្មអន្តរជាតិ) ដែលដឹកជញ្ជូនតាមផ្លូវទឹកទន្លេ ក្នុងនោះកំពង់ផែស្វយ័តភ្នំពេញនៅតែជាកំពង់ផែចម្បង ដែលមានទំនិញឆ្លងកាត់ ៨លានតោន ក្នុងមួយឆ្នាំ។(នេះបើតាមផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣)៕