លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកខេត្តសៀមរាប ជាគោលដៅទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលរបស់ភ្ញៀវជាតិ និងអន្តរជាតិ។ លោករដ្ឋមន្រ្តីថ្លែងបែបនេះ នៅក្នុងឱកាស អញ្ជើញចុះសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ខេត្តសៀមរាប កាលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។
ដំណើរចុះសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក គឺមានការអញ្ជើញចូលរួមពីតំណាងគណៈអភិបាលខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាន សមាគម CATA បងប្អូនសហគមន៍ សរុបចំនួន ៧០ រូប។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ដំណើរចុះសំណេះសំណាលនេះ គឺដើម្បីសាកសួរសុខទុក្ខប្រជាពលរដ្ឋ ចុះពិនិត្យទិដ្ឋភាពពិតជាក់ស្តែងនៅគោលដៅទេសចរណ៍ធម្មជាតិកំពង់ភ្លុកពិនិត្យហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់សកម្មភាពទេសចរណ៍ និងបរិស្ថានជុំវិញ ព្រមទាំងស្តាប់នូវបញ្ហាប្រឈម និងសំណូមពររបស់លោកប្រធានសហគមន៍ លោកមេឃុំ ក៏ដូចជាបងប្អូនអុំទូកនៅក្នុងសហគមន៍ដែលភាគច្រើនជាស្ត្រី ក្នុងគោលដៅស្វែងរកនូវដំណោះស្រាយរួមគា្នដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិចូលទស្សនាកម្សាន្តនៅគោលដៅទេសចរណ៍កំពង់ភ្លុក ឱ្យបានកាន់តែច្រើនថែមទៀត។
លោកបានបន្តដែរថា សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល ព្រោះភ្ញៀវទេសចរអាចទស្សនាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន នៅតាមមាត់បឹងទន្លេសាប ទស្សនាផ្ទះសង់ខ្ពស់ៗ នៅលើផ្ទៃទឹក អុំទូកទស្សនាក្នុងភូមិ ទស្សនាព្រៃលិចទឹក ទស្សនាផ្ទៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយ ភោជនីយដ្ឋានបណ្តែតទឹក បែចិញ្ចឹមត្រី ជាពិសេសផ្តិតយកនូវរូបភាពស្អាតៗទិដ្ឋភាពថ្ងៃរៀបលិចដ៏ស្រស់ស្អាតនៅលើផ្ទៃបឹងទន្លេសាប។
បច្ចុប្បន្នកំណើនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប បាននិងកំពុងកើនឡើងមកវិញហើយ ខណៈក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរមកទស្សនាខេត្តនេះ ចន្លោះជាង៤ពាន់នាក់ ទៅជាង៥ពាន់នាក់ គិតចាប់ពីខែមករា ឆ្នាំ២០២៤មក។ នេះបើតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តសៀមរាប កាលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។
ដោយឡែក តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍កម្ពុជា កាលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ ធ្លាប់បានបញ្ជាក់ថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៤.៣ លាននាក់ក្នុងអំឡុងខែមករា ដល់ខែសីហា ឆ្នាំ ២០២៤ កើនឡើង ២២.៥ ភាគរយ។
លោកបានបន្តថា៖ «កម្ពុជាត្រូវបានគេព្យាករថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៧ លាននាក់ ក្នុងនោះមានភ្ញៀវទេសចរចិនជាង ២ លាននាក់ក្នុងឆ្នាំ ២០២៥»៕ អត្ថបទ៖ ហ្សាលីន