កម្ពុជា-អង់គ្លេស ពិភាក្សាផ្លាស់ប្ដូរមតិយោបល់លើកិច្ចការងារវិនិយោគឯកជន ផ្សព្វផ្សាយអំពីបរិយាកាស និងការលានុវត្តភាពវិនិយោគនៅកម្ពុជា។

នេះបើតាមរយៈកិច្ចប្រជុំតុមូលធុរកិច្ច កម្ពុជា-អង់គ្លេស ដឹកនាំចូលរួមដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការទទួលស្វាគមន៍ពីតំណាងរដ្ឋាភិបាលចក្រភពអង់គ្លេស លោក Simon Brown នៃការិយាល័យធុរកិច្ច និងពាណិជ្ជកម្ម ក្រោមការសហការរៀបចំពីក្រុមហ៊ុន KPMG កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា កម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរមតិយោបល់លើកិច្ចការងារវិនិយោគឯកជន ផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា និងណែនាំក្រុមហ៊ុនមួយចំនួនរបស់អង់គ្លេសដែលមានសក្ដានុពលអាចមកកម្ពុជាដើម្បីសិក្សាលទ្ធភាពបណ្ដាក់ទុនលើវិស័យដែលទទួលបានការលើកទឹកចិត្តណាមួយផងដែរ។

សូមជម្រាបជូនថា ចក្រភពអង់គ្លេសគឺជាប្រទេសចុងក្រោយក្នុងឆ្នាំ២០២៤នេះ ដែលលោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូអម បានអញ្ជើញបំពេញទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគ ដើម្បីផ្សព្វផ្សាយសក្ដានុពលរបស់កម្ពុជា បញ្ជ្រាបព័ត៌មានវិជ្ជមានអំពីភាពរីកចម្រើននិងកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ពិសេសលើវិស័យវិនិយោគឯកជន ក្នុងទិសដៅស្វែងរកឱកាសបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរឱ្យបានជាអតិបរិមា៕

