កសិដ្ឋានសូត្រសិប្បករអង្គរ បានបើកសម្ពោធដំណើរការឡើងវិញហើយ ក្រោមវត្ដមានដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ព្រមទាំង ឥស្សរជន សិប្បករ និងអ្នកគាំទ្រជាច្រើនរូប កាលពីពេលថ្មីៗនេះ នៅស្រុកពួក ខេត្ដសៀមរាប។

ជាមួយនឹងការចូលរួមអបអរសាទរបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរយើង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី បានគូសបញ្ជាក់ពីការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍វិស័យវប្បធម៌ និងការបន្ដយកចិត្តទុកដាក់ដល់ការផ្សព្វផ្សាយលើកតម្កើង និងអភិរក្សវប្បធម៌ជាតិ ដោយបន្តការលើកតម្កើងការយល់ដឹងអំពីអត្តសញ្ញាណជាតិ និងភាពជាម្ចាស់ក្នុងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ការជម្រុញនិងការច្នៃប្រឌិតផលិតផលវប្បធម៌ថ្មីៗ ការប្តេជ្ញាចិត្តនេះ រួមមានការលើកកម្ពស់ការយល់ដឹងអំពីអត្តសញ្ញាណជាតិ និងភាពជាម្ចាស់ក្នុងការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌របស់យើងផងដែរ»។
លោកជំទាវបណ្ឌិត បានសង្កតធ្ងន់ថា តាមរយៈការយកចិត្ដទុកដាក់របស់រដ្ឋាភិបាល និងគោលបំណងរបស់ក្រុមហ៊ុនសិប្បករអង្គរ នឹងរួមគ្នាបង្កើតការងារបន្ថែមដល់ប្រជាជននៅតាមជនបទលើ ផ្នែកចម្លាក់ ការតម្បាញសូត្រខ្មែរ ការថែរក្សាអភិរក្សនិងអភិវឌ្ឍន៍វិស័យសូត្រខ្មែរ និងការប្រែក្លាយកសិដ្ឋានសូត្រសិប្បករអង្គរឱ្យក្លាយជាគោលដៅទេសចរណ៍វប្បធម៌ចម្បងមួយសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ។

ជាមួយគ្នានោះ លោក កាយ ឡូត ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុនសិប្បករអង្គរ បានលើកឡើងថា ការបើកឱ្យដំណើការឡើងវិញនៃសិប្បករអង្គរនាពេលនេះ គឺដើម្បីថែរក្សាប្រពៃណីរាប់ពាន់ឆ្នាំរបស់ដូនតាខ្មែរ។
សូមជម្រាបជូនថា ការបើកដំណើរការឡើងវិញនូវ កសិដ្ឋានសូត្រសិប្បករអង្គរ គឺបានបង្ហាញពីការចាប់ផ្តើមទំព័រថ្មីនៃការរស់ឡើងវិញនៃវប្បធម៌ខ្មែរ ដោយរំលេចឱ្យឃើញនូវជំនាញសិល្បៈរបស់សិប្បករខ្មែរ ប្រកបដោយក្ដីស្រឡាញ់ជាប់ចិត្ត និងការប្តេជ្ញាចិត្តរបស់ពួកគាត់ ស្ដែងឡើងតាមរយៈផលិតផលនីមួយៗ៕





