សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Remco Johannes an Wijngaarden ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ ប្រចាំកម្ពុជា (ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក) បានជួបពិភាក្សាគ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត។

ថ្លែងក្នុងជំនួប កាលព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកអគ្គរាជទូតហូឡង់ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងរីកចម្រើន នៅកម្ពុជា ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ច។ នាឱកាសនោះ ក្រៅពីបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងហូងឡង់ និងកម្ពុជា ហើយលោក ក៏ប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀតផងដែរ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា និងហូឡង់ គឺមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាយូរមកហើយ។ សម្តេច ក៏បានថ្លែងអរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនហូឡង់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា នៅលើវិស័យសំខាន់ៗមួយចំនួន នាពេលកន្លងមក។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តស្ថានទូតហូឡង់ បន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីឱ្យកាន់តែខ្លាំងក្លា។
សូមជម្រាប់ដែរថា តាមរយៈជំនួបពិភាក្សាខាងលើ ភាគីទាំងពីរ គឺបានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ជាងនេះទៀត កម្ពុជា-ហូឡង់ ក៏បានចែករំលែកជុំវិញការដាក់ចេញគោលនយោបាយ យន្តការ និងការលើកទឹកចិត្តនានា ប្រកបដោយភាពទាក់ទាញ និងជាក់ស្ដែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបរទេស ក៍ដូចជាធានានូវបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជាថែមទៀត៕ អត្ថបទ៖ ហ្សាលីន


