កងកម្លាំងជាង១ម៉ឺន៦នាក់ ត្រៀមការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ

សង្គម​ និង​សេដ្ឋកិច្ច

កងកម្លាំងសរុបជាង១ម៉ឺន៦នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារ សន្ដិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញ។

នេះបើតាមការបញ្ជាក់នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅនាយកដ្ឋានអង្គរក្ស កាលព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំ  លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពិធីបុណ្យអុំទូក នៅឆ្នាំ២០២៤នេះ ត្រូវបានរៀបចំយ៉ាងអធិកអធមជាងបណ្តាឆ្នាំមុនៗ ដោយក្នុងនោះ មានទូកចូលរួមប្រណាំងចំនួន៣៤៦គ្រឿង ចំណុះទូកជាង២ម៉ឺននាក់ ប្រទីបចំនួន៣៦ប្រទីប ទីតាំងប្រគុំតន្ដ្រី ប្រដាល់ និងពិធីផ្សេងៗ ចំនួន១០កន្លែង។

ក្នុងន័យនេះ លោកនាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ដែរថា គ្រប់កម្លាំងសមត្ថកិច្ចទាំងអស់ដែលមានតួនាទីភារកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីនេះ គឺត្រូវបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត សំដៅធានាដល់កិច្ចសហការការពារសុវត្ថិភាពក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤។

ជាមួយគ្នានេះ អគ្គស្នងការនគរបាលជាតិ ក៏សុំនូវការយោគយល់អធ្យាស្រ័យចំពោះប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់ដែលមានការបិទផ្លូវ ឬក៏បញ្ហាកកស្ទះចរាចរណ៍ ដោយសារតែការប្រមូលផ្ដុំនៅទីតាំងកម្សាន្ដសប្បាយផ្សេងៗ ប៉ុន្ដែទោះជាយ៉ាងណាកម្លាំងសមត្ថកិច្ចទាំងអស់ នឹងខិតខំប្រឹងប្រែងប្រើប្រាស់គ្រប់លទ្ធភាព ដើម្បីកាត់បន្ថយនូវផលរំខានដោយប្រការណាមួយ។

បើតាមអគ្គស្នងការនគរបាលជាតិ កងកម្លាំងសរុបទាំងជាង១ម៉ឺន៦នាក់នេះ មកពី១៦ស្ថាប័ន អង្គភាព ក្នុងនោះមានអគ្គស្នងការដ្ឋាននគរបាលជាតិ, បញ្ជាការដ្ឋានកងរាជអាវុធហត្ថ, បញ្ជាការដ្ឋានអង្គរក្ស, បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម, បញ្ជាការដ្ឋានកងទ័ពជើងទឹក, យោធភូមិភាគពិសេស, ក្រសួងសុខាភិបាល, គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ, ការិយាល័យទី២ នៃកងទ័ពជើងគោក, អគ្គិសនីកម្ពុជា, ក្រុមបច្ចេកទេសរុករកជាតិផ្ទុះកែច្នៃ, អាជ្ញាធរជាតិអាវុធគីមី ជីវសាស្ដ្រ វិទ្យុសកម្ម នុយក្លេអ៊ែរ, គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម, អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងភ្នាក់ងារសន្ដិសុខឯកជន៕ អត្ថបទ៖ ហ្សាលីន