ខេត្តពីរ កំពុងទទួលបានផលប្រយោជន៍ពីគម្រោងវិនិយោគជាង១០០លានដុល្លារលើការសាងសង់តំបន់សេដ្ឋកិច្ចពិសេស និងសួនឧហ្សាហកម្ម

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖តំបន់សេដ្ឋកិច្ចពិសេស និងសួនឧហ្សាហកម្មធំៗចំនួន២បានលេចវត្តមាននៅខេត្ដកំពង់ស្ពឺនិងខេត្ដកំពត បន្ទាប់ពីក្រុមហ៊ុនវិនិយោគមកពីប្រទេសចិននិងសិង្ហបុរីបានសម្រេចបណ្តាក់ទុនជាង១១០លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Golden Intergrity International Investment Group ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកការដ្ឋានសាងសង់គម្រោងសួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងភូមិឈើនាង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ គម្រោងដ៏សំខាន់មួយនេះត្រូវបានសាងសង់នៅលើផ្ទៃដីសរុប ៥០០ ហិកតា មានទុវិនិយោគប្រមាណ ៥ លានដុល្លារ។

គម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជានេះផ្តោតលើការបង្កើតឱ្យបាននូវសួនឧស្សាហកម្មវាយនភណ្ឌលំដាប់ជាតិកម្ពុជា និងបន្តអភិវឌ្ឍន៍ឱ្យក្លាយជាមូលដ្ឋានផលិតកម្ម ផ្គត់ផ្គង់ដ៏សំខាន់លើ ឧហ្សាហកម្ម បោះពុម្ភ ជ្រលក់ពណ៌ និងអេឡិចកូប្លាតីងស្បែក ក្នុងតំបន់អាស៊ានផងដែរ។

ទាក់ទងនឹងគម្រោងនេះ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ្ឌ បានមានប្រសាសន៍ថា៖ “គម្រោងនេះរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើតការងារ និងជំរុញការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌ”។

សួនឧស្សាហកម្មនេះ មិនប៉ះពាល់ដល់បរិស្ថានទេដោយជួយកាត់បន្ថយកាកសំណល់ និងការបំពុលផងដែរ។
បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៤ កំពុងដំណើរការ ដោយមានទុនវិនិយោគចំនួន ៨,១ ប៊ីលានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

ចំណែកក្រុមហ៊ុន Sailun ដែលជាក្រុមហ៊ុនផលិតសំបកកង់រថយន្ដមកពីប្រទេសចិន ដែលបច្ចុប្បន្នកំពុងបើកដំណើរការអាជីវកម្មនៅខេត្ដស្វាយរៀងបានប្រកាសវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចថ្មីមួយទៀតនៅក្នុងខេត្ដកំពតដែលមានទុនសរុប ១១០ លានដុល្លារ។

គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលវិនិយោគដោយក្រុមហ៊ុន Sailun នេះមានឈ្មោះថា “គម្រោងតំបន់សេដ្ឋកិច្ចពិសេសកំពត” (Kampot SEZ) ។ លើសពីនេះ Sailun បាននិយាយថា ខ្លួនកំពុងរៀបចំបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានឈ្មោះថា Kampot Bay Investment Co., Ltd.,ដើម្បីគ្រប់គ្រងនិងទទួលខុសត្រូវក្នុងការអនុវត្តតំបន់សេដ្ឋកិច្ចពិសេសកំពតផងដែរ។

រោងចក្រផលិតសំបកកង់រថយន្ត Cart tire Co.,ltd (រោងចក្របុត្រសម្ព័ន្ធរបស់ Sailun Group) មានទំហំផ្ទៃដីសរុប ១២០ ហិចតា បង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជាជាង ៣៥០០ កន្លែង។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនៅក្នុងរោងចក្រមួយនេះ គ្រប់ផ្នែកទាំងអស់ មិនថាផ្នែកវិស្វករ ផ្នែកលាយជ័រកៅស៊ូ ផ្នែកផលិត ផ្នែកនាំចេញ ផ្នែកត្រួតពិនិត្យគុណភាព សុទ្ធសឹងតែជាជនជាតិខ្មែរ ទាំងនេះហើយ ជាអ្វីដែលខ្មែរទទួលបាន។

សូមជម្រាបថា រោងចក្រមួយនេះ មានសមត្ថភាពផលិតសំបកកង់ក្នុងដំណាក់កាលទី១ ដល់ទៅ ៣៥,០០០ គ្រាប់ក្នុងមួយថ្ងៃ ហើយក្នុងមួយថ្ងៃនាំចេញរហូតដល់ ២៥,០០០ គ្រាប់។ រីឯរោងចក្រទី២ កំពុងតែចាប់ផ្តើមដំណើរការផលិត និងរោងចក្រទី៣ កំពុងតែសាងសង់គ្រោងបញ្ចប់និងសម្ពោធនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ សរុបទិន្នន័យនៃការផលិតទាំង៣រោងចក្រ ក្នុងមួយឆ្នាំ គឺអាចផលិតសំបកកង់បានដល់ទៅ ៣៣ លានគ្រាប់ឯណោះ។
ចំពោះជ័រកៅស៊ូដែលជាវត្ថុធាតុដើមជាចំបងក្នុងការផលិតសំបកកង់ គឺត្រូវបានប្រើប្រាស់ជ័រកៅស៊ូ ដែលជាដំណាំកសិផលជាតិខ្មែរស្ទើរតែទាំងស្រុង។ តាមរបាយការណ៍របស់រោងចក្រ បានបង្ហាញថា រោងចក្រមួយនេះ នឹងប្រើប្រាស់ជ័រកៅស៊ូសរុបរហូតដល់ទៅ ៣០% នៃទិន្នផលដំណាំកៅស៊ូសរុបនៅក្នុងប្រទេសកម្ពុជាទាំងមូល។ ប្រសិនបើមានរោងចក្រប្រភេទនេះ តែ៣រោងចក្រ នឹងអាចប្រើប្រាស់ជ័រកៅស៊ូរហូតដល់ ៩០% នៃទិន្នផលដំណាំកៅស៊ូកម្ពុជាសរុប។ កត្តានេះហើយដែលជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញលើកកម្ពស់ទៅលើវិស័យដំណាំកៅស៊ូជាតិ ដែលជាផ្នែកមួយនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា៕