«ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន» រំពឹងខ្លាំងនឹងទាក់ទាញទេសចរចិនបន្ថែម

សង្គម​ និង​សេដ្ឋកិច្ច

ចំនួនទេសចរចិនបានហក់កើនឡើងក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤នេះ ជាមួយទេសចរចំនួន ៦៣ ៥៤៥ នាក់ ដែលបានទៅទស្សនានៅឧទ្យានអង្គរ ខណៈរយៈពេលដូចគ្នាឆ្នាំ២០២៣ មានទេសចរចិនតែ ៤៥ ២១៤ នាក់ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហ៊ួ បានឱ្យដឹងថា៖ នៅក្នុងចំណោមទេសចរអន្ដរជាតិសរុបដែលបានទៅទស្សនាឧទ្យានអង្គរ ចំនួន ៧៧៤ ២០៣នាក់ ទេសចរចិន តំណាងឲ្យចំនួន៨.២%។ ចិន ជាប្រភពទេសចរធំទី៥ នៃទេសចរអន្ដរជាតិ ដែលបានទៅទស្សនាបរិវេណអង្គរ បន្ទាប់ពីសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងកូរ៉េខាងត្បូង។

ប្រទេសកម្ពុជា និងប្រទេសចិន បានកំណត់យកឆ្នាំ២០២៤នេះ ជាឆ្នាំនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ តាមរយៈព្រឹត្តិការណ៍ផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន កម្ពុជារំពឹងថា នឹងអាចស្រូបទាក់ទាញទេសចរចិនមកទស្សនាកម្ពុជា កាន់តែច្រើនបន្ថែមទៀត។

ក្នុងគោលបំណងទាក់ទាញទេសចរចិនមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀតនោះ កម្ពុជានឹងរៀបចំ «ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន (Cambodia-China Travel Fair)» ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

ប្រភពក្រសួងទេសចរណ៍ បានឱ្យដឹងថា៖ ដើម្បីបន្តអនុវត្តយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» និងយុទ្ធនាការ «ឆ្នាំទស្សនា សៀមរាប ២០២៤» ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន នឹងរៀបចំ «ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន (Cambodia-China Travel Fair) ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ តាមរយៈពិព័រណ៍នេះ កម្ពុជារំពឹងទាក់ទាញទេសចរចិនមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។

ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន រំពឹងថានឹងមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ជាអ្នកទិញចិន (Chinese Buyers) ចំនួន ៥០ក្រុមហ៊ុន អ្នកលក់ចិន (Chinese Sellers) ចំនួន ៥០ក្រុមហ៊ុន និងអ្នកលក់កម្ពុជា (Cambodian Sellers) ចំនួន ១០០ក្រុមហ៊ុន និងអ្នកសារព័ត៌មានកម្ពុជា-ចិន (Media) ចំនួន ៥០ស្ថាប័ន ដោយនឹង មានកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយទេសចរណ៍កម្ពុជា ការផ្គូផ្គងអាជីវកម្ម (Business Matching) កម្មវិធី ទស្សនកិច្ចគោលដៅទេសចរណ៍មុន និងក្រោយពិព័រណ៍ (Pre-Tours and Post-Tours) និងកម្មវិធីផ្សេងៗជាច្រើនទៀត៕