ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការវិនិយោគនៅកម្ពុជា គឺមិនត្រឹមតែវិនិយោគសម្រាប់ទីផ្សារប្រជាជន ១៧លាននាក់ នោះទេ ប៉ុន្តែជាការបើកឱកាស ទៅកាន់តំបន់ផ្សេងទៀតលើពិភពលោក ដោយសារកម្ពុជាមានកិច្ចព្រមព្រៀងជាច្រើន ដែលអាចជំរុញឱ្យបណ្តារវិនិយោគិនមានទំនុកចិត្តខ្ពស់។

សម្តេចធិបតី ថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយសហគ្រិនត្រកូលលីនពិភពលោក មកពីបណ្តាប្រទេសទាំង ១៥ និង ៣៨ តំបន់ ដែលបានធ្វើដំណើរមកកម្ពុជា ចូលរួមមហាសន្និបាតសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក នៅរាជធានីភ្នំពេញ កាលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាជាទីតាំងយុទ្ធសាស្ត្រ និងទទួលបានឱកាសអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ហើយការវិនិយោគនៅកម្ពុជា គឺមិនត្រឹមតែវិនិយោគសម្រាប់ទីផ្សារប្រជាជន ១៧លាននាក់ នោះទេ ប៉ុន្តែជាការបើកឱកាស ទៅកាន់តំបន់ផ្សេងទៀតលើពិភពលោកផងដែរ។

ដោយសម្តេចធិបតី បានបញ្ជាក់ថា៖« ដោយសារកម្ពុជាមានកិច្ចព្រមព្រៀងជាច្រើន រួមទាំងកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន, កម្ពុជា-ចិន កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ក៏ដូចជាការផ្តល់ជូនជាច្រើនទៀត និងការផ្តល់ជូនលើទីផ្សារ នៅអឺរ៉ុប និងប្រទេសដទៃទៀត ដូច្នេះការវិនិយោគនៅកម្ពុជា គឺជាការវិនិយោគទៅកាន់តំបន់ផ្សេងទៀតលើនៃពិភពលោក»។
យ៉ាងណាមិញ តាមរយៈព្រឹតិ្តការណ៍មហាសន្និបាតត្រកូលលីនពិភពលោក ប្រមុខរាជរដ្ឋាភិបាល បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា តាមរយៈព្រឹតិ្តការណ៍មហាសន្និបាតត្រកូលលីនពិភពលោក នឹងមានការប្រាស្រ័យទាក់ទងគ្នា ដែលបង្កើតបាននូវការរួមបញ្ចូលគ្នា និងការតភ្ជាប់រវាងធុរកិច្ច និងធុរកិច្ច និងបានស្វាគមន៍ចំពោះការវិលត្រលប់មកកម្ពុជាជាថ្មីទៀត នាពេលខាងមុខ៕
