ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា ប្តេជ្ញាក្នុងការបន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឱ្យសម្រេចបានអត្រាគ្របដណ្តប់ ១០០% នៅឆ្នាំ២០៣០។ នេះបើយោងតាមសារលិខិតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
នៅក្នុងលិខិតនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ ដើម្បី ផ្សព្វផ្សាយ ក្រើនរំលឹក អំពីសារៈសំខាន់នៃការលើកកម្ពស់អនាម័យជនបទ និងរួមគ្នាធ្វើឱ្យកាន់តែប្រសើរឡើង នូវស្ថានភាពអនាម័យជនបទនៅកម្ពុជា។
ទន្ទឹមគ្នានេះ សម្តេចធិបតី អះអាងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់អនាម័យជនបទ ដែលក្នុងនោះ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានបញ្ជាក់យ៉ាង ច្បាស់នូវការបន្តជំរុញការអភិវឌ្ឍជនបទ តាមរយៈការបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដោយផ្តោតលើការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។
បន្ថែមពីនេះ សម្តេចធិបតី អះអាងថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ បានដាក់ចេញនូវគោលដៅ ក្នុងការបន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឱ្យសម្រេចបានអត្រាគ្របដណ្តប់ ១០០% នៅឆ្នាំ២០៣០។
គួរបញ្ជាក់ដែរថា បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អត្រាកំណើននៃការទទួលបានសេវាអនាម័យជនបទ នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យ កត់សម្គាល់ និងប្រកបដោយមោទនភាព។ នាពេលបច្ចុប្បន្ន អត្រាគ្របដណ្តប់អនាម័យរបស់សហគមន៍ ជនបទ នៅព្រះរាជាណាចក្រកម្ពុជា បានកើនឡើងដល់ប្រមាណជាង ៩០% ដែលក្នុងនោះមានភូមិចំនួន ៩ ៦៧៥ ឃុំចំនួន៧៩៥ ស្រុកចំនួន៧៩ ក្រុងចំនួន១៥ ខណ្ឌចំនួន១៤ និងខេត្តចំនួន១០ រួមមាន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តរតនគិរី និង ខេត្តសៀមរាប ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ ទន្ទឹមនេះ ក្នុងចំណោមខេត្តខាងលើ មានខេត្ត មួយចំនួនបាននិងកំពុងវាយតម្លៃ ដើម្បីឈានទៅសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់ផងដែរ៕អត្ថបទ៖ ហ្សាលីន