ក្រុមហ៊ុន តាណុង ឌីវេឡុបមែន គ្រុប (Danong Development Group) ដែលជាក្រុមហ៊ុនមួយរបស់ចិន បានចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគលើវិស័យបសុសត្វ និងផលិតផលកសិកម្ម ០៤ប្រភេទ នៅក្នុងខេត្តតាកែវ។
ការបង្ហាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងជំនួបរវាងលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ជាមួយលោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនោះ លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group បានជម្រាបជូនអំពីគោលបំណង និងទិសដៅនៃគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងវិនិយោគនៅក្នុងខេត្តតាកែវ ដែលជាខេត្តដ៏មានសក្តានុពលមួយ លើវិស័យកម្ម នៅក្នុងចំណោមបណ្ដាខេត្តផ្សេងៗ របស់ប្រទេសកម្ពុជា ។
លោកក៏បានបញ្ជាក់ថា ក្រុមហ៊ុនលោកនឹងធ្វើការវិនិយោគលើវិស័យបសុសត្វ និងផលិតផលកសិកម្ម ០៤ប្រភេទ រួមមាន៖ ១/ ការដាំស្មៅសម្រាប់ការចិញ្ចឹមសត្វ ២/ ការបង្កាត់ពូជនិងដាំពោត ៣/ ការដាំដុះដំឡូងមី និង៤/ ការចិញ្ចឹមជ្រូក និងគោ។
លោកបន្តទៀតថា សមាសធាតុសំខាន់ៗទាំងនេះ នឹងបង្កើតជាខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំ ដោយរួមបញ្ចូលនូវគ្រឿងបរិក្ខារកែច្នៃកម្រិតខ្ពស់ និងការអនុវត្តកសិកម្មបសុសត្វប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ។
ជាការឆ្លលើយតប លោក វ៉ី សំណាង បានស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះ ក្រុមហ៊ុន Danong Development Group ដែលជាក្រុមហ៊ុនមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ក្នុងវិស័យកសិឧស្សាហកម្មបែបទំនើប និងឆ្លាតវៃ ដែលមានមូលដ្ឋាននៅខេត្តសាន់តុងរបស់ចិន មានគំរោងវិនិយោគទុន លើវិស័យកសិកម្ម នៅខេត្តតាកែវ។
លោកបន្តថា ប្រសិនបើបានក្រុមហ៊ុន Danong Development Group មកចូលរួម ចែករំលែកបទពិសោធន៍ បច្ចេកទេស ធនធាន ដល់ប្រជាកសិករ នោះវិស័យកសិកម្ម នៅស្រុកយើងនឹងរីកចម្រើន បានលឿនយ៉ាងពិតប្រាកដ ហើយពេលនោះ ប្រទេសកម្ពុជា នឹងក្លាយជាគំរូ នៃការអភិវឌ្ឍន៍កសិឧស្សាហកម្ម ៕