ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយសហគ្រិនត្រកូលលីនពិភពលោក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កត្តាសំខាន់ៗចំនួន៦ ដែលធ្វើឱ្យកម្ពុជាមានភាពទាក់ទាញ ជាគោលដៅផ្គត់ផ្គង់ និងជាទិសដៅសម្រាប់ការវិនិយោគ រួមមាន៖
១. ប្រទេសកម្ពុជាផ្តល់ជូននូវកត្តាសន្តិភាព និងស្ថិរភាព
២. កម្ពុជាផ្តល់ជូននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
៣. កម្ពុជាមានបរិយាកាសធុរកិច្ចប្រកបដោយភាពស្និទ្ធស្នាល និងឆ្លើយតបទៅនឹងតម្រូវការ របស់វិនិយោគ
៤. កម្ពុជាជាទីតាំងយុទ្ធសាស្ត្រ និងទទួលបានឱកាសអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា
៥. យើងក៏មានកម្លាំងពលកម្មជំនាញផងដែរ ប្រទេសកម្ពុជាសម្បូរដោយយុវជន ប្រកបដោយថាមវន្ត និងនិយាយភាសាអង់គ្លេស៦០%នៃចំនួនប្រជាជនយើងមានអាយុក្រោម ៣៥ឆ្នាំ
៦. កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដោយកម្ពុជាបាន និងកំពុងពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីធ្វើសមាហរណកម្ម និងតភ្ជាប់បណ្តាញដឹកជញ្ជូនរបស់កម្ពុជា ទៅនិងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ ក៏ដូចជាការភ្ជាប់ទំនាក់ទំនងជាមួយប្រទេសជិតខាង និងមជ្ឈមណ្ឌលនាំចេញសំខាន់ៗនៅក្នុងតំបន់។
សូមជម្រាបជូនថា រយៈពេល១ឆ្នាំ ពោលគិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៣៩១ ក្រោមទុនសរុបជាង៧.៥ពាន់លានដុល្លារ។ក្នុងនោះ ប្រភពទុនវិនិយោគមកពីប្រទេសចិនឈរនៅ លំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦០.៤៤% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគ ក្នុងស្រុកគ្របដណ្តប់ ៣២.៣១%។
ដោយឡែកបើគិតក្នុងខែតតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC) បានអនុម័តគម្រោងសរុប ៣១គម្រោង ដែលមានទុនប្រមាណ២២៦លានដុល្លារក និងអាចបង្កើតការងារបានប្រមាណ១៦ពាន់កន្លែង។ ក្នុងនោះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក៥៣,៣៩% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់២៩,៤៧% សិង្ហបុរី ១២,១៣% កោះ Samoa ២,៧% និងវៀតណាម ២,៣២%៕