ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅដោយរលូន និងបង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនឌកម្ពុជា កាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានលើកឡើងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិយ៉ាងសម្បូរបែប បង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី។
ដោយសម្តេចបានបន្តថា ៖«ភាពជោគជ័យនេះ អាចសម្រេចទៅបាន គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធទាំងអស់ ជាពិសេសកងកម្លាំងគ្រប់ប្រភេទ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ បង្កលក្ខណ:គ្រប់បែបយ៉ាង ដើម្បីបម្រើដល់ដំណើរការនៃព្រះរាជពិធីបុណ្យជាតិដ៏ធំមួយនេះ ឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយជាទីបំផុត ។
ក្នុងនាមប្រមុខរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនសម្តេចផ្ទាល់ ក៏សូមអរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការរៀបចំដំណើរប្រព្រឹត្តទៅនៃកម្មវិធី និងការបោសសម្អាត គ្រប់គ្រងអនាម័យ ធានាបាននូវសោភ័ណភាពល្អប្រណិត។
ជាមួយគ្នានេះ សម្តេចក៏សូមអរគុណដល់ក្រុមការងារសម្តែងសិល្បៈគ្រប់ប្រភេទ ក៏ដូចសិល្ប:ករ សិល្បៈការិនីទាំងអស់ ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពសប្បាយរីករាយ និងការរាំលេងកម្សាន្ដគ្រប់ទីកន្លែងជូនដល់មហាជន ប្រកបដោយភាពស្រស់ស្រាយសប្បាយអឺងកង។
សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពិធីបុណ្យអុំទូក នេះ មានប្រព្រឹត្តិនៅពីរទីតាំង គឺនៅរាជធានីភ្នំពេញ ធ្វើនៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង និងមួយទីតាំងទៀត គឺធ្វើនៅតាមបណ្តោយស្ទឹងសៀមរាប ក្រុងសៀមរាប នៅខេត្តសៀមរាប៕




