ទេសចរជាតិ និងអន្តរជាតិ ជាង៣ម៉ឺននាក់ មកកម្សាន្តនៅសហគមន៍តំបន់ការពារធម្មជាតិ ក្នុងអំឡុង៣ថ្ងៃ បុណ្យអុំទូក

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងអំឡុង៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកឆ្នាំ២០២៤ នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៣ម៉ឺននាក់ បានមកកម្សាន្តតាមសហគមន៍តំបន់ការពារធម្មជាតិនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។នេះបើតាមក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក ៣ថ្ងៃ នាពេលកន្លងមកនេះ ភ្ញៀវទេសចរណ៍ចំនួន ៣១ ៨៦០ នាក់ ក្នុងនោះអ្នកទេសចរណ៍បរទេសចំនួន ២៩៥នាក់ បានមកកម្សាន្តតាមសហគមន៍តំបន់ការពារធម្មជាតិនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រជាពលរដ្ឋ បានទទួលប្រាក់ចំណូលសរុបចំនួន ១៧ ៣០៨ ដុល្លារ ពីការសម្រាកលំហែកម្សាន្ត នៅតាមសហគមន៍តំបន់ការពារធម្មជាតិ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិ បង្កប់ដោយសក្តានុពលសម្រាប់លំហែបៃតង រួមមានវាលស្មៅស្រស់ស្អាត មានទឹកធ្លាក់ ផ្ទាំងថ្ម ផ្កាព្រៃ ព្រៃឈើ សត្វព្រៃ កន្លែងវប្បធម៌ និងប្រវត្តិសាស្រ្ត ជាដើម។ រតនសម្បត្តិធម្មជាតិទាំងអស់នេះ ត្រូវបានការពារនិងអភិរក្ស ពីមន្រ្តីឧទ្យានុរក្សនិងអ្នកពាក់ព័ន្ធ ជាពិសេសពីប្រជាពលរដ្ឋមូលដ្ឋាន ដែលរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិទាំងអស់នោះ ដើម្បីការរស់នៅដោយចីរភាព។

អ្នកនាំពាក្យបានបន្ថែមថា សហគមន៍តំបន់ការពារធម្មជាតិ មានតួនាទីសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ  ក៏ដូចជាលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈជម្រើសមុខរបរសមស្រប ដែលមិនពឹងពាក់លើធនធានធម្មជាតិ។ 

សូមបញ្ចាក់ថា ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ក្រសួងបរិស្ថាន បានរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ សម្របសម្រួលគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងការរៀបចំរបៀងសហគមន៍តំបន់ការពារធម្មជាតិ(គោលដៅលំហែបៃតង) ដើម្បីការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការអភិរក្សបេតិកភណ្ឌធម្មជាតិនិងវប្បធម៌សំដៅចូលរួមចំណែកគ្រប់គ្រងធនធានធម្មជាតិ កិច្ចគាំពារបរិស្ថាននិងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព។

បច្ចុប្បន្ន សហគមន៍តំបន់ការពារធម្មជាតិ សរុបចំនួន១៩៣សហគមន៍ បានត្រូវបង្កើតឡើង ដោយមានការចូលរួមពីប្រជាជនចំនួន៧៣.១៩៤គ្រួសារ មកពី៣៦២ភូមិ ១១៥ឃុំ ចំនួន១៦ខេត្ត គ្រប់គ្រងផ្ទៃដីទំហំ៣៣២.១០៨ហិកតា៕