“ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា” ជំរុញការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងទៅកាន់ចក្រភពអង់គ្លេស

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖“ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា” បានត្រូវបើកសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ដូមីនិក វីលៀម ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិព័រណ៍រយៈពេលពីរថ្ងៃដែលមានស្តង់ទំនិញចំនួន៧៥នេះ រៀបចំដោយបណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) ដោយមានការគាំទ្រពីមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ កម្មវិធី SheTrades និងស្ថាប័នអភិវឌ្ឍន៍អន្តរជាតិ( UK International Development )។

ពិព័រណ៍នេះជាវេទិកាពាណិជ្ជកម្មនិងការវិនិយោគរបស់ចក្រភពអង់គ្លេសនិងព្រះរាជាណាចក្រកម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ព្រឹត្តិការណ៍មួយនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការជំរុញគាំទ្រទៅដល់សហគ្រិនស្ត្រីនិងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ឱ្យកាន់តែរឹងមាំនៅក្នុងប្រទេសកម្ពុជា។

ក្នុងពិធីបើកពិព័រណ៍នាព្រឹកថ្ងៃទី១៨ខែវិច្ឆិកា លោកស្រីរដ្ឋមន្ត្រីពាណិជ្ជកម្ម បានថ្លែងថា៖ព្រឹត្តិការណ៍ពិព័រណ៍នេះមានគោលបំណងជំរុញ ការនាំចេញផលិតផល វាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងទៅកាន់ចក្រភពអង់គ្លេស មិនត្រឹមតែតាមរយៈការតាំងបង្ហាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការបង្កើតបណ្តាញទំនាក់ទំនងជាមួយនឹងអ្នកបញ្ជាទិញសំខាន់ៗរបស់ចក្រភពអង់គ្លេស លើផលិតផលទាំងនោះផងដែរ។

លោកស្រី ចម និមល បានបញ្ជាក់ថា៖« ឧស្សាហកម្មវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង គឺជាវិស័យអាទិភាព របស់កម្ពុជា ហើយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ រាជរដ្ឋាភិបាលកម្ពុជាយល់យ៉ាងច្បាស់នូវភាពប្រកួតប្រជែងខ្ពស់នៃឧស្សាហកម្មនេះ និងបានដាក់ចេញនូវ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដើម្បីជាផែនទីក្នុងការអភិវឌ្ឍវិស័យនេះទៅជាឧស្សាហកម្ម ដែលមាន ចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្តោតលើផលិតផលថ្លៃខ្ពស់និងមានលក្ខណៈពិសេស»។

លើសពីនេះ ដើម្បីបង្កើនភាពប្រកួតប្រជែង ស្របពេលដែលធានាឱ្យបាននូវលក្ខខណ្ឌការងារសមស្របក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ ក្នុងឆ្នាំ២០០១ កម្ពុជាបានចូលរួមក្នុងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) របស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលធ្វើការវាយតម្លៃលើលក្ខខណ្ឌការងារដោយផ្អែកលើច្បាប់ ការងារកម្ពុជា ច្បាប់ទាក់ទងនឹងការងារផ្សេងៗ និងបទដ្ឋានការងារគោលដែលទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងទាំងនេះ លោកស្រីរដ្ឋមន្ត្រីពាណិជ្ជកម្មជម្រាបជូនថា គិតត្រឹម ១០ខែឆ្នាំ២០២៤ ការនាំចេញសរុបរបស់កម្ពុជាឈានដល់ ៤៥.៥ ប៊ីលានដុល្លារ ដែលក្នុងនោះការនាំចេញវាយនភណ្ឌមានប្រមាណ ៤០៦លានដុល្លារ (កើនឡើង ១៤.៤៧%) ការនាំចេញសម្លៀកបំពាក់ឈានដល់ ៨ប៊ីលានដុល្លារ (ការកើនឡើង២៣.៦៦%) និងការនាំចេញស្បែកជើង ១.៣ ប៊ីលានដុល្លារ (កើនឡើង ២២.៣៣%)។ លោកស្រីបានធ្វើការកំណត់សម្គាល់ថាភាគច្រើន [ប្រមាណ៨០%] នៃនិយោជិតនៅក្នុងវិស័យទាំង នោះគឺជាស្ត្រី។ ដូចនេះហើយស្ត្រីមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការចូលរួមក្នុងកម្មវិធី អភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។កម្ពុជា និងចក្រភពអង់គ្លេសមានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ដែល មិត្តភាពដ៏រឹងមាំនេះត្រូវថែរក្សាតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាពិសេសក្នុងវិស័យ ពាណិជ្ជកម្ម និងវិនិយោគ។

លោកស្រីបណ្ឌិត អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្រ្តីកម្ពុជា(CamWen) និងជាប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន(AWEN) បានថ្លែងថា៖បេសកកម្មពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស ដែលជាផ្នែកមួយនៃមូលនិធិរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស បានរួមចំណែកជាកិច្ចសហប្រតិបត្តិការទៅដល់ចក្រភពអង់គ្លេស-អាស៊ាន ស្ដីពីការពង្រឹងផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី ដោយ នឹងផ្សាភ្ជាប់ សហគ្រិនស្ដ្រីមកពីអាស៊ាន ជាមួយនឹងអតិថិជនមកពីចក្រភពអង់គ្លេស ។ ការរៀបចំពិព័រណ៍មួយនេះ មានការរួមសហការជាដៃគូជាមួយ មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) និងបណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) ដោយគំនិតផ្ដួចផ្ដើមមួយនេះ នឹង មានការចូលរួមពីអាជីវកម្មផ្សេងៗមកពីបណ្ដាលសហគ្រិនស្រ្តី។មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីមួយនេះ នឹងបន្តប្រារព្ធធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅពេលក្រោយ។

លោកស្រីបណ្ឌីតបានលើកឡើងទៀតថា៖វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមកម្ពុជា (JTIF) បានប្រារព្ធធ្វើឡើងមួយសប្តាហ៍មុន ដោយនាំយកវិស័យសាធារណៈ និងវិស័យឯកជនរបស់ចក្រភពអង់គ្លេស និងកម្ពុជា ដើម្បីធ្វើការពិភាក្សាអំពីវិធីសាស្រ្តក្នុងការសម្រេចបាននូវកំណើនប្រកបដោយចីរភាព តាមរយៈពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងអំឡុងពេល ដែលអាចប្រឈមនឹងវិបត្តិផ្សេងៗក្នុងសកលលោក។នៅក្នុងប្រទេសកម្ពុជា បេសកកម្មពាណិជ្ជកម្ម នឹងជួយសម្រួលឱកាសទៅក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស ដែលដឹកនាំដោយស្ត្រី និងក្រុមហ៊ុនមកពីឥណ្ឌូនេស៊ី ក្នុងវិស័យដូចជា វាយនភណ្ឌ និងសម្លៀកបំពាក់ វិស័យសិប្បកម្ម និងស្បែកជើង។ ព្រមជាមួយគ្នានេះដែរ នឹងមានការចូលរួមពីក្រុមហ៊ុនចក្រភពអង់គ្លេសចំនួន ៨និងអាជីវកម្មដែលដឹកនាំដោយស្ត្រីកម្ពុជាចំនួន ៧៥។ បេសកកម្មនេះ មានគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញគាំទ្រទៅដល់ស្ត្រីក្នុងវិស័យអាជីវកម្ម នៅទូទាំងចក្រភពអង់គ្លេស និងអាស៊ាន ដែលជាផ្នែកមួយនៃមូលនិធិរដ្ឋាភិបាលចក្រភពអង់គ្លេស ទៅដល់កម្មវិធី SheTrades នៅក្នុងអាស៊ាន។

លោកស្រីបណ្ឌិតបានបន្តថាអាជីវកម្មដែលដឹកនាំដោយស្ត្រីកម្ពុជា នឹងទទួលបានឱកាសជួបផ្ទាល់ជាមួយគណៈប្រតិភូចក្រភពអង់គ្លេសផងដែរ។ នៅថ្ងៃទីពីរ ក្រុមហ៊ុនមកពីចក្រភពអង់គ្លេស នឹងធ្វើទស្សនកិច្ចទៅតាមកន្លែងអាជីវកម្ម ដែលដឹកនាំដោយស្រ្តីនៅក្នុងវិស័យវាយនភណ្ឌ និងសម្លៀកបំពាក់ វិស័យសិប្បកម្ម និងវិស័យស្បែកជើង ទូទាំងរាជធានីភ្នំពេញ ព្រមទាំងតំបន់ជុំវិញ ដើម្បីពិភាក្សាបន្ថែមអំពីអាជីវកម្ម។ព្រឹត្តិការណ៍មួយនេះ បានសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការជំរុញគាំទ្រទៅដល់សហគ្រិនស្ត្រីនិងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ឱ្យកាន់តែរឹងមាំនៅក្នុងប្រទេសកម្ពុជា។

លោក Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា មានប្រសាសន៍ថា៖“នេះជាឱកាសដ៏អស្ចារ្យមួយក្នុងការលើកស្ទួយសមភាពយេនឌ័រ ហើយខ្ញុំ ក៏លើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាចូលរួមសហការដូចគ្នាដែរ។ប្រសើរជាងនេះទៅទៀត វាពិតជាសំខាន់ក្នុងការបោះជំហានទៅមុខនិងផ្ដល់ការគាំទ្រទៅដល់ស្រ្តីទាំងអស់ដែលបានធ្វើរឿងដ៏អស្ចារ្យគ្រប់កាលៈទេសៈនៅក្នុងជីវិត។ ដោយហេតុនេះហើយ ខ្ញុំពិតជាមានសេចក្ដីសោមនស្សយ៉ាងក្រៃលែង ដែលស្ថានទូតអង់គ្លេស កំពុងចូលរួមចំណែកសហការ ដោយផ្ដល់ឱកាសជូនទៅដល់ សហគ្រាសធុនតូច និងមធ្យម ដែលដឹកនាំដោយស្ត្រី តាមរយៈវេទិកាដាក់តាំងបង្ហាញផលិតផលទៅកាន់អ្នកវិនិយោគទុន ដែលបានធ្វើដំណើរពីចក្រភពអង់គ្លេស ក្នុងគោលបំណងនាំយកផលិតផលពីប្រទេសកម្ពុជា ចូលទៅក្នុងទីផ្សារចក្រភពអង់គ្លេស»។

លោកឯកអគ្គរាជទូតសង្ឃឹមថា៖បេសកកម្មពាណិជ្ជកម្មមួយនេះ នឹងរួមចំណែកជួយទៅដល់អាជីវកម្មដែលដឹកនាំដោយស្ត្រី ទទួលបានកំណើនបា្រក់ចំណូល និងរីកចម្រើន ព្រមទាំងបើកឱកាសទៅដល់អតិថិជនរបស់ចក្រភពអង់គ្លេស បានជាវផលិត ផលល្អៗពីប្រទេសកម្ពុជា។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសហព័ន្ធអ្នកវិនិយោគកម្ពុជា បានលើកឡើងថា៖ ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ នឹងជួយជំរុញឱ្យវិស័យផលិតផលនៅកម្ពុជា ក៏ដូចជាផលិតផលស្បែកជើង ផលិតផលធ្វើដំណើរ កាបូប វ៉ាលីស ទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអង់គ្លេសពីព្រោះ ក្រុមហ៊ុនអង់គ្លេសជាង១០បានចូលរួមពិព័រណ៍ពាណិជ្ជកម្មជាពិសេសក្រុមហ៊ុនបញ្ជាទិញ។

អ្នកឧកញ់ា បានបន្តថា៖ ឆ្លងកាត់ពិព័រណ៍នេះក្រុមហ៊ុនអង់គ្លេស រំពឹងចាប់អារម្មណ៍ខ្ពស់ក្នុងការបញ្ជាទិញទំនិញពីកម្ពុជាដូចជា ស្បែកជើង កាបូប ផលិតផលធ្វើដំណើរ ហើយសង្ឃឹមថាការបញ្ជាទិញនឹងកើនឡើង ជាពិសេសរំពឹងថាការនាំចេញទំនិញពីកម្ពុជាទៅអង់គ្លេនិងសហរដ្ឋអាមេរិក នឹងកើនឡើង។

ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំអាស៊ាន លោកស្រី Sarah Tiffin មានប្រសាសន៍លើកឡើងថា៖“ការជំរុញគាំទ្រទៅដល់សហគ្រិនស្រ្តី គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ បេសកកម្មពាណិជ្ជកម្មចក្រភពអង់គ្លេស-អាស៊ាន បានផ្ដល់នូវវេទិកាមួយសម្រាប់អាជីវកម្មដែលដឹកនាំ ដោយស្ត្រី ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង រួមសហការ និងរីកចម្រើនក្នុងទីផ្សារអាជីវកម្មថ្មី។ ពួកយើង ប្ដេជ្ញាគាំទ្រទៅដល់សហគ្រិន ដែលបានរួមចំណែកក្នុងការរីកលូតលាស់ និងភាពរឹងមាំ នៃសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស និងអាស៊ាន។ បេសកកម្មមួយនេះ មិនត្រឹមតែពង្រឹងទៅដល់ទំនាក់ទំនងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះ បញ្ចាំងពីការរួមប្ដេជ្ញាចិត្តជាមួយគ្នា ក្នុងការបង្ហាញនូវសមភាពយេនឌ័រ និងការពង្រឹងសេដ្ឋកិច្ចផងដែរ”។

គួររំលឹកថា៖កាលពីដើមខែនេះ កម្មវិធី SheTrades ក្នុងតំបន់អាស៊ាន ក៏បានរៀបចំសិក្ខាសាលាមួយជាមួយបណ្តាញសហគ្រិនស្ត្រីអាស៊ាន(AWEN) នៅរាជធានីភ្នំពេញ ដើម្បីពង្រឹងសមត្ថភាពសហគ្រិនស្រ្តីនៅក្នុងតំបន់ និងបង្កើតចក្ខុវិស័យ ជាយុទ្ធសាស្ត្រ ដើម្បីគាំទ្រដល់សហគ្រិនស្ត្រីនៅក្នុងតំបន់អាស៊ាន តាមរយៈពាណិជ្ជកម្មនាពេល ១០ ទៅ ២០ ឆ្នាំខាងមុខ។បន្ទាប់ពីទីក្រុងភ្នំពេញ បេសកកម្មពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស-អាស៊ាន នឹងបន្តដំណើរទៅកាន់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលគណៈប្រតិភូចក្រភពអង់គ្លេស នឹងបន្តស្វែងរកឱកាសរួមសហការជាមួយនឹងអាជីវកម្មថ្មីៗពីសហគ្រិនស្រ្តី របស់ប្រទេសដែលជាសមាជិកអាស៊ាន៕ដោយៈសុភក្ត្រា