មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល៖ រយៈ១០ខែ កម្ពុជា ទាក់ទាញគម្រោងវិនិយោគថ្មីបាន៣៤៦គម្រោង កើនជិត៤០%

សង្គម​ និង​សេដ្ឋកិច្ច

គិតចាប់ពី សីហា ដល់ តុលា ២០២៤ ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មីសរុបចំនួន៣៤៦ កើនជិត ៤០%។ នេះបើយោងតាមប្រសាសន៍របស់ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងក្នុងវេទិការសារព័ត៌មានស្តីពី សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពៅទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលរៀបចំឡើងកាលព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្រ្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ពាក់ព័ន្ធនឹង ការទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលវិញ ជាលទ្ធផល ៣ខែចុងក្រោយនេះ គិតចាប់ពី សីហា ដល់ តុលា ២០២៤ ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគថ្មីសរុបចំនួន១២២ ក្នុងនោះគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមាន៥៤គម្រោង ខណៈគម្រោងទាំងអស់នេះ គឺមានទុនវិនិយោគសរុបប្រមាណជិត២ប៊ីលានដុល្លារ បង្កើតបាន ជាការងារប្រមាណ៧ម៉ឺនកន្លែង។

 ដោយឡែក បើនិយាយពីរយៈពេល១០ខែដំបូងក្នុងឆ្នាំ២០២៤វិញ លោកថា ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា អនុម័ត គម្រោងវិនិយោគសរុប៣៤៦គម្រោង ក្នុងនោះគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមាន១៣២។ ហើយទាំងអស់នេះ លោកថា ក្នុងទុនវិនិយោគសរុបប្រមាណ៥,៥ប៊ីលានដុល្លា, បង្កើតការងារ បាន២៧ម៉ឺនកន្លែង។ ជារួម ទំហំទុនវិនិយោគមានកំណើនប្រមាណ៣៨%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

យ៉ាងណាមិញ តាមរយៈវេទិការសារព័ត៌មានខាងលើនេះ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលខាងលើ បានអះអាងថា នាវាកម្ពុជា បាននិងកំពុងបន្តបោះពួយទៅមុខ លើកនេះតាំងពីខែសីហាឆ្នាំ២០២៣មក ក្រោមសន្ទុះនៃ យុទ្ធសាស្ត្របញ្ចកោណ ដែលជាផែនទីចង្អុលផ្លូវ របស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកសង្កត់ធ្ងន់ថា គោលដៅចុងក្រោយនៃយុទ្ធសាស្ត្របញ្ចកោណនេះ គឺសំដៅធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលកម្រិតខ្ពស់ នៅឆ្នាំ ២០៥០៕