អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានកត់សម្គាល់ឃើញថា ក្រៅពីផលផ្លែផ្កាដែលបានមកពីសុខសន្តិភាព និងស្ថិរភាពនយោបាយដែលរដ្ឋាភិបាលរក្សាបាន ក្នុងនោះការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ជាកត្តាស្លាប់រស់មួយ សម្រាប់ប្រទេសកម្ពុជាផងដែរ។
នេះបើយោងតាមប្រសាសន៍របស់ លោក ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈវេទិកាសារព័ត៌មានលើកទី៥ ស្ដីពី «សន្ដិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» កាលព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
នាឱកាសនោះ លោក ប៉ែន បូណា បានឱ្យដឹងថា គិតមកទល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានអាយុគម្រប់១៥ខែគត់។ រាជរដ្ឋាភិបាលនីតិកាលទី៧នេះ មានភាពចាស់ទុំ រឹងមាំ និងសកម្មក្លៀវក្លា ដោយសម្រេចបានសមិទ្ធផលធំៗជាច្រើនជូនជាតិ និងប្រជាជន។
លោក ប៉ែន បូណា បានបន្ដទៀតថា ចំពោះផលផ្លែផ្កាដែលបានមកពីសុខសន្តិភាព និងស្ថិរភាពនយោបាយ។ ជាក់ស្ដែង អំឡុងព្រះរាជពិធីបុណ្យអុំទូក រយៈពេលបីថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេស សរុបរាប់លាននាក់បានដើរកម្សាន្តសប្បាយពេញផ្ទៃប្រទេស ជាពិសេសរាជធានីភ្នំពេញ ខេត្តសៀមរាប និងបណ្តាខេត្តមួយចំនួនទៀត។ ភាពសប្បាយរីករាយប្រកបដោយស្នាមញញឹម និងសុវត្ថិភាព កើតឡើងដោយសារតែកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា៖«ក្រៅពីសុខសន្តិភាព ការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ជាកត្តាស្លាប់រស់មួយ សម្រាប់ប្រទេស។ ប្រសិនបើអតិផរណាកើនឡើងខ្ពស់ ប្រាក់រៀលហើមខ្លាំង ពេលនោះបញ្ហាធំណាស់ ភាពច្របូកច្របល់ផ្នែកសេដ្ឋកិច្ចនឹងកើតមានឡើង ហើយប្រជាពលរដ្ឋរងគ្រោះធំ។ ប៉ុន្តែ ដោយសាររាជរដ្ឋាភិបាលរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់មិនឲ្យអតិផរណាឡើងខ្ពស់ ធ្វើឲ្យអត្រាប្តូរប្រាក់រៀល និងដុល្លារនៅថេរបានល្អ កម្លាំងទិញនៃប្រាក់រៀលនៅតែរក្សាបាន ខណៈដែលការនាំចេញនៅតែមានការកើនឡើង។ ទាំងនេះមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែវាជាផ្លែផ្កានៃគោលនយោបាយដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល»។
តាមរយៈវេទិការអ្នកសារព័ត៌មានខាងលើនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានអះអាងដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ក្នុងនោះមុំ៥៖ ការអភិវឌ្ឍន៍មូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍន៍វិស័យឯកជន និងការងារ, ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន និងការកសាងសង្គមសេដ្ឋកិច្ចឌីជីថល។ មុំទាំង៥មានលក្ខណៈគ្រប់ជ្រុងជ្រោយ ទាន់សភាពការណ៍ និងក៏បានធ្វើឡើងស្របតាមនិន្នាការពិភពលោកដោយឥតមានខ្វះចន្លោះត្រង់ណាមួយឡើយ៕ អត្ថបទ៖ ហ្សាលីន